អ្នកបើករថយន្តសណ្ដោងរ៉ឺម៉កដឹកទូកុងតឺន័របើកបរលឿនខ្វះការប្រុងប្រយ័ត្នរេចង្កូតធ្លាក់ផ្លូវ បណ្ដាលឱ្យក្រឡាប់ធ្លាក់ចូលត្រាំ ទឹកប្រឡាយ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២នឹង៣០ ថ្ងៃទី ០៤ខែសីហាឆ្នាំ ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវវិមានឈ្នះឈ្នះសង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុគេបានឃើញរថយន្តសណ្ដោងរម៉កដឹកទូកុងតឺន័រមួយគ្រឿង បើកបរដោយបុរសម្នាក់ធ្វើដំណើរតាម បណ្ដោយផ្លូវវិមានឈ្នះឈ្នះ ទិសដៅ ពីលិច ទៅ កើត ក្នុងល្បឿនលឿនខណៈមកដល់ចំណុចកើតហេតុបានរេចង្កូត ធ្លាក់ផ្លូវ ក្រឡាប់រថយន្តចូលត្រាំទឹកប្រឡាយ សំណាងណាស់មិនបង្កឲ្យមានអ្នករងរបួស គ្រាន់តែខូចខាតរថយន្ត។

ចំណែកអ្នកបើកបរក្រោយកើតហេតុបានបើកទ្វាររថយន្តចុះរត់គេចខ្លួនបាត់ស្រមោលពីកន្លែងកើតហេតុបន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋានបានចុះមកត្រួតពិនិត្យកន្លែងកើតហេតុ។  ដោយរថយន្តបង្ករេចង្កូតធ្លាក់ចូលប្រឡាយដោយខ្លួនឯងមិនមានប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋនិងមិនបង្កឲ្យមានអ្នករងរបួស សមត្ថកិច្ចអនុញ្ញាតឲ្យម្ចាស់រថយន្តហៅរថយន្តមកស្ទូចយក រថយន្តទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ស្វាយ ភឿន

Share.