ស្ត្រីម្នាក់រងរបួសធ្ងន់ សន្លប់ស្តូក ខណៈដែលកំពុងជិះម៉ូតូត្រូវបានរថយន្តកុងតឺន័រ បើកចេញ ពីផ្លូវក្នុងភូមិ បត់កៀរម៉ូតូឃ្លីក។ គ្មានអ្នកដេញតាម ជាឱកាសរថយន្តបង្កបើករត់គេចបាត់ នៅវេលាម៉ោង៥និង២០នាទីព្រឹក ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ នៅផ្លូវជាតិលេខ៤ កែងផ្លូវ បេតុងភូមិថ្នល់បំបែក ជាប់សាលាសង្កាត់ចោមចៅ៣ ក្នុងភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកឃ្លីក ពណ៌ស ពាក់ស្លាកលេខ  ភ្នំពេញ1IB-7189 ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ពីលិចទៅកើត ដល់ ចំណុចកើតហេតុ ស្រាប់តែរថយន្តកុងតឺន័រ មិនចាំស្លាកលេខបើកចេញពីផ្លូវបេតុង ភូមិ ថ្នល់បំបែក ឡើងផ្លូវជាតិលេខ៤ បត់ស្តាំជ្រុលទៅកៀរម៉ូតូស្ត្រីរងគ្រោះ ដេកដួលរង របួសធ្ងន់ ក្រុមអ្នកឈររងចាំស៊ីញ៉ូ យកលុយឡាន៣ទៅ៤នាក់ នៅកែងផ្លូវនោះបានត្រឹមឈរមើល ហេតុការណ៍ មិនឃាត់រថយន្តបង្ក ជាឱកាសទុកឲ្យបើករត់គេចទៅបាត់ ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលចោមចៅ៣ ។

ពលរដ្ឋនៅកន្លែងកើតហេតុ បានឲ្យដឹងថា ចំណុចផ្លូវជាតិលេខ៤ កែងផ្លូវបេតុង ភូមិថ្នល់បំបែក ជាប់សាលាសង្កាត់ចោមចៅ៣ មធ្យោបាយ ចេញចូលឆ្លងកាត់តាម ផ្លូវបេតុងច្រើន ២៤ម៉ោងលើ២៤ម៉ោង មានក្រុមអ្នករងចាំស៊ីញ៉ូយកលុយពីរថយន្ត មាន ៣ទៅ៤នាក់ គ្រោះថ្នាក់សឹងរាល់ថ្ងៃ ហើយក៏ជាចំណុចកកស្ទះផងដែរ ដោយសារ ក្រុមអ្នកស៊ីញ៉ូរថយន្តទាំងនោះបក់បោយដៃ ហៅ ឲ្យរថយន្តធុនធំបត់ចេញពីផ្លូវក្នុងភូមិដើម្បីបានលាភបានប្រាក់ពីម្ចាស់រថយន្ត។

ពលរដ្ឋសំណូមពរដល់អាជ្ញាធរ សមត្ថកិច្ចថា បើទោះជាមានក្រុមអ្នកចាំស៊ីញ៉ូឡានយក លុយក្តីក៏គួរមានសមត្ថកិច្ចជំនាញសម្រួលចរាចរឲ្យត្រឹមត្រូវទៅតាមលក្ខណៈបច្ចេកទេស ដើម្បីកាត់បន្ថយកកស្ទះ និងគ្រោះថ្នាក់ផ្សេងៗ ៕

Share.