ប៉ូលិសក្នុងតំបន់បានរាយការណ៍ថា ការបាញ់ប្រហារនៅទីក្រុង Bryansk របស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានឆក់យកជីវិតសិស្សស្រី២នាក់ ដែលម្នាក់ជាអ្នកបាញ់ប្រហារ និងម្នាក់ទៀតជាជនរងគ្រោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន RT នាថ្ងៃព្រហស្បតិ៍ ទី៧ ខែធ្នូ ឆ្នាំ២០២៣។
ទន្ទឹមនោះ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានកំណត់អត្តសញ្ញាណអ្នកបាញ់ប្រហារនោះថា ជាក្មេងស្រីអាយុ ១៤ឆ្នាំ ដែលបានយកកាំភ្លើងប្រភេទ pump-action shotgun ទៅសាលា ហើយប្រើប្រាស់កាំភ្លើងបាញ់មិត្តភក្ដិក្នុងថ្នាក់រៀន។
ប៉ូលីសបាននិយាយថា ខ្មាន់កាំភ្លើងបានយកកាំភ្លើងទៅសាលារៀន រួចបានបាញ់មិត្តរួមថ្នាក់ម្នាក់ស្លាប់ និងបណ្ដាលឱ្យក្មេងសិស្សសាលា ៥នាក់ទៀតរងរបួស ហើយបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យផងដែរ ប៉ុន្ដែស្ថានភាពពួកគេមិនសូវធ្ងន់ធ្ងរទេ។ យ៉ាងណាម៉ិញ សេចក្តីថ្លែងការណ៍បាននិយាយថា ម្នាក់ក្នុងចំណោមអ្នករងរបួសកំពុងទទួលការវះកាត់។
ប្រព័ន្ធផ្សព្វផ្សាយរុស្ស៊ីបាននិយាយថា ខ្មាន់កាំភ្លើងវ័យក្មេងរូបនោះ មានឈ្មោះថា អាលីណា។ ខណៈសារព័ត៌មានអនឡាញរុស្ស៊ី បានអះអាងថា នាងបានប្រើកាំភ្លើងរបស់ឪពុកនាង តម្រង់គោលដៅទៅលើក្មេងប្រុសមួយក្រុម ដែលបានវាយនាងកាលពីពេលថ្មីៗនេះ ដោយប្រភពផ្សេងទៀតបាននិយាយថា ប៉ូលិសជឿថា គំនុំផ្ទាល់ខ្លួន ជាទំនងហេតុផលដែលបណ្ដាលឱ្យកើតមានរឿងនេះ។យ៉ាងណា ប្រតិបត្តិករអនុវត្តច្បាប់ កំពុងសាកសួរឪពុកក្មេងស្រីជាខ្មាន់កាំភ្លើង។
ខណៈការបាញ់ប្រហារនៅសាលារៀន គឺកម្រមាននៅក្នុងប្រទេសរុស្ស៊ី ប៉ុន្ដែក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ តំបន់ជាច្រើនបានជួបប្រទះករណីបាញ់ប្រហារស្រដៀងគ្នានេះនៅតាមសាលារៀន។ កាលពីខែកញ្ញា ឆ្នាំ២០២២ ខ្មាន់កាំភ្លើងម្នាក់បានសម្លាប់មនុស្ស ១៨នាក់ ក្នុងនោះរួមមាន កុមារ ១១នាក់ គ្រូបង្រៀន ៣នាក់ និងបង្កឱ្យមនុស្ស ២៥នាក់ផ្សេងទៀតរងរបួស ក្នុងសាលាមធ្យមសិក្សាមួយកន្លែង ក្នុងទីក្រុង Izhevsk ភាគកណ្ដាលប្រទេសរុស្ស៊ី ជាទីដែលជនរូបនោះធ្លាប់ជាសិស្ស ហើយក៏បានធ្វើអត្តឃាតតាមក្រោយ ហើយមានករណីបាញ់ប្រហារជាច្រើនលើកច្រើនសារចាប់តាំងពីឆ្នាំនោះចុះមកដល់ឆ្នាំ២០១៤៕