មន្ត្រីសេតវិមានបាននិយាយនៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បាននឹងកំពុងធ្វើការដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងលទ្ធិប្រជាធិបតេយ្យដែលមិនធ្លាប់មានពីមុនមក របស់សហរដ្ឋអាមេរិក។ នេះបើយោងតាមករារចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១២ ខែធ្នូ ឆ្នាំ២០២៣។

មន្ត្រីសេតវិមានបាននិយាយកាលពីថ្ងៃចន្ទ ដោយឆ្លើយតបទៅនឹងការអត្ថាធិប្បាយរបស់លោក ដូណាល់ ត្រាំ ដែលថាចង់ក្លាយជា «ជនផ្តាច់ការមួយថ្ងៃ ប្រសិនបើជាប់ឆ្នោតអាណត្តិទីពីរ។

ក្នុងអំឡុងសុន្ទរកថាកាលពីថ្ងៃសៅរ៍ លោក ត្រាំ បាននិយាយម្តងហើយម្តងទៀតនូវសេចក្តីថ្លែងការណ៍ដែលលោកឡើងជាមួយទូរទស្សន៍ Fox News កាលពីសប្តាហ៍មុនថា លោកមិនមានបំណងក្លាយជាជនផ្តាច់ការទេ ប្រសិនបើលោកឈ្នះតំណែងប្រធានាធិបតីម្តងទៀត ប៉ុន្ដែអាចធ្វើមួយថ្ងៃ។

លោក ដូណាល់ ត្រាំ ដែលជាបេក្ខជននាំមុខខាងគណបក្សសាធារណរដ្ឋ បាននិយាយថា «ខ្ញុំបាននិយាយថា ខ្ញុំចង់ក្លាយជាជនផ្ដាច់ការមួយថ្ងៃ។ ហើយអ្នកដឹងទេថា ហេតុអ្វីបានជាខ្ញុំចង់ក្លាយជាជនផ្ដាច់ការ? គឺដោយសារតែ ខ្ញុំចង់សង់ជញ្ជាំង ហើយមិនចង់ខួងយករ៉ែ»។ ជញ្ជាំង គឺជាផ្នែកដ៏ធំមួយនៃគោលនយោបាយរបស់លោក ត្រាំ ចាប់តាំងពីឆ្នាំ២០១៦ ប៉ុន្ដែក្រោយពេល លោក បៃដិន ជាប់ឆ្នោតការសាងសង់នេះ ត្រូវបានផ្អាកពាក់កណ្ដាលទី។

យ៉ាងណាម៉ិញ ការលើកឡើងរបស់លោក ត្រាំ គឺចង់មានន័យថា គាត់ចង់សង់ជញ្ជាំងបិទព្រំដែន ដើម្បីកុំឱ្យមានការលួចឆ្លងដែនចូលដីអាមេរិក។

នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក ត្រាំ អ្នកនាំពាក្យសេតវិមានលោក Andrew Bates បាននិយាយថា «លោក បៃដិន បានធ្វើការដើម្បីការពារលទ្ធិប្រជាធិបតេយ្យរបស់អាមេរិក និងដើម្បីបង្រួបបង្រួមប្រជាជននៃទស្សនៈនយោបាយទាំងអស់ប្រឆាំងនឹងការគំរាមកំហែងដែលមិនធ្លាប់មានពីមុនមក» ការលើកឡើងបែបនេះ គឺមិនបាននិយាយសំដៅដល់ឈ្មោះ លោក ត្រាំ ទេ។

សូមជម្រាបថា លោក ដូណាល់ ត្រាំ បានដាក់ចេញគោលនយោបាយមួយចំនួន ហើយអ្វីដែលគេចាប់អារម្មណ៍ខ្លាំង គឺ លោកបានប្រកាសដកសហរដ្ឋអាមេរិកចេញពីអង្គការណាតូ និងលុបចោលកិច្ចព្រមព្រៀងពាណិជ្ជកម្មអាស៊ីប៉ាស៊ីហ្វិក ក៏ដូចជាការសាងសង់ជញ្ជាំងនៅព្រំដែនជាប់ប្រទេសម៉ិកស៉ិកឡើងវិញ៕

ប្រភព៖ CNA

Share.