កន្លងមកបើទោះបីជារាជរដ្ឋាភិបាលបើកឱកាសស្មើគ្នាសម្រាប់ពលរដ្ឋទទួលបានការសិក្សាអប់រំនៅសាលាចំណេះទូទៅដូចៗគ្នា យោងតាមស្មារតីនៃរដ្ឋធម្មនុញ្ញក្តី ក៏កុមារក៏ដូចជាយុវជនគ្រប់រូបមិនមែនសុទ្ធតែទទួលបានឱកាសដូចៗគ្នាក្នុងក្នុងការទទួលបានការអប់រំនោះឡើយ។
ស្ថានភាពគ្រួសារក្រីក្រ រស់នៅក្នុងតំបន់ដាច់ស្រយាល់ ផ្ទះនៅឆ្ងាយពីសាលារៀន ស្ថានភាពផ្លូវគមនាគមន៍។ល។កត្តាទាំងនេះសុទ្ធតែបានរួមចំណែកធ្វើឲ្យយុវជនមួយចំនួនងាយបោះបង់ការសិក្សាឈានទៅធ្វើចំណាកស្រុកដើម្បីស្វែងរកការងារធ្វើទាំងដែលពួកគេពុំមានជំនាញច្បាស់លាស់ ងាយប្រឈមនឹងហានិភ័យផ្សេងៗដូចជាករណីកេងប្រវ័ញ្ចកម្លាំងពលកម្ម ឬក៏អាចក្លាយទៅជាជនរងគ្រោះដោយសារអំពើជួញដូរមនុស្សក៏មាន។
ទន្ទឹមនឹងនេះដែរ បើទោះបីជាក្រុមយុវជនដែលបានបោះបង់ការសិក្សា មកពីគ្រួសារក្រីក្រទាំងអស់នោះអាចទទួលបានការងារធ្វើក្តី ក៏ឱកាស នៃការអភិវឌ្ឍខ្លួនក្លាយទៅជាកម្មករជំនាញមានវិជ្ជាជីវៈត្រឹមត្រូវ មានការទទួលស្គាល់និងជាពិសេសឈានទៅទទួលបានប្រាក់កម្រៃខ្ពស់ជាង មុននោះ ហាក់មាននៅក្នុងតែក្តីស្រមៃប៉ុណ្ណោះឬក៏មានអ្នកខ្លះទៀតសូម្បីតែគិតក៏មិនហ៊ានទៅទៀត ព្រោះយល់ថា ខ្លួនជាយុវជនមកពីគ្រួសារ ក្រីក្រមិនអាចទទួលបានការបណ្តុះបណ្តាលឲ្យលើសពីអ្វីដែលខ្លួនធ្លាប់បានចេះបានចាំនិងកំពុងធ្វើនាពេលបច្ចប្បុន្ននេះនោះឡើយ។
![](https://cdn.troryorng.com/wp-content/uploads/2023/12/27180652/2-2-1-1536x1024-1-1024x683.webp)
ប៉ុន្តែពេលនេះ ឱកាសសម្រាប់ក្រុមយុវជនដែលធ្លាប់បោះបង់ការសិក្សាដោយសារតែគ្រួសារក្រីក្រ យុវជនដែលកំពុងតែបម្រើការងារនៅតាម បណ្តារោងចក្រសហគ្រាសនានាបានមកដល់ហើយបន្ទាប់ពី «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ»ត្រូវបានដាក់ឲ្យអនុវត្តជាផ្លូវការហើយ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅសណ្ឋាគារសុខាភ្នំពេញ និងរ៉េស៊ីដង់ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ។
ពាក់ព័ន្ធទៅនឹងកម្មវិធីនេះ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុបណ្តាលវិជ្ជាជីវៈបានថ្លែងថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកម្មវិធីអាទិភាពមួយ របស់រាជរដ្ឋាភិបាល សំដៅ អភិវឌ្ឍកម្លាំងពលកម្មឱ្យមានជំនាញ មានសមត្ថភាព មានគុណធម៌ សីលធម៌ ចរិយាមាយាទ មនសិការវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវលើការងារ មុខរបរ និងវិជ្ជាជីវៈរបស់ខ្លួនដែលអាច ឆ្លើយតប បាន ទៅនឹងតម្រូវការទីផ្សារការងារ និងទ្រទ្រង់ កំណើ ន សេដ្ឋកិច្ច ប្រកប ដោយចីរភាព បរិយាបន្ន សមធម៌ និងភាព ធន់នឹងវិបត្តិ ទាំងចំពោះ មុខ និងទាំងអនា គត។ ចំពោះការប្រកាសអនុវត្តជាផ្លូវការ កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនៅពេលនេះ គឺសម្រាប់ ក្រុមគោលដៅ យុវ ជន មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យនៅ ទូទាំងប្រទេសចំនួន ១,៥ លាននាក់ ដោយអាច ចូលរៀនេះវគ្គជំនាញមិនបង់ថ្លៃសិក្សា និងទទួលបាននូវប្រាក់ឧបត្ថម្ភប្រចាំខែថែមទៀត។
![](https://cdn.troryorng.com/wp-content/uploads/2023/12/27180649/IMG_5816.jpg)
បើតាមរដ្ឋមន្ត្រីក្រសួងការងារ ការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាមធ្យោបាយជួយឱ្យយុវជនអាចចាប់យក ឱកាសការងារបានឆាប់រហ័ស និងជំរុញការចូលរួមចំណែករបស់យុវជនបានកាន់តែទូលំទូលាយក្នុង ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ព្រមទាំងជាស្ពានផ្តល់ឱកាស “ការសិក្សាពេញមួយជីវិត” ដល់បងប្អូនកម្មករនិយោជិត តាមរយៈកម្មវិធីផ្លាស់ប្តូរជំនាញ បង្កើនជំនាញ និងបង្កើនផលិតភាពពេញមួយជីវិតទោះបីជាកំពុងមានការងារធ្វើក៏ដោយ។
ប្រភពពីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបង្ហាញថា យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរង ហានិភ័យ អាចចាប់ផ្តើមចុះឈ្មោះចូលរៀនចាប់ពី ពេលនេះ តទៅ តាមរយៈ (១). ប្រព័ន្ធឌីជីថល ដោយ ខ្លួនឯង ឬដោយពឹងបុគ្គលណាមួយ លើកម្មវិធីទូរស័ព្ទដៃ (TVET 1.5M), ឬ (២). អាចទៅ ចុះឈ្មោះផ្ទាល់នៅតាមបណ្តាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល បច្ចេកទេស និងវិជ្ជាជីវៈ, មន្ទីរការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, មជ្ឈមណ្ឌលការងារនៅតាមរាជធានី ខេត្ត ចំនួន ១៤, និងមជ្ឈមណ្ឌលការងារចល័ត ចំនួន ៥។
ចំពោះលក្ខខណ្ឌនៃការចុះឈ្មោះចូលរៀន គឺត្រូវតែជាសិស្សដែល មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ, មានអាយុចាប់ពី ១៥ឆ្នាំឡើង, និង មានបណ្ណ សមធម៌ ឬ បណ្ណ សម្គាល់ គ្រួសារ ងាយ រង ហានិភ័យ។ ចំពោះអត្ថប្រយោជន៍វិញ សិស្សនឹងទទួលបានការសិក្សាដោយមិនបង់ថ្លៃ, ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ២៨ម៉ឺន រៀល, ទទួលបានការប្រឹក្សាយោបល់ពីការជ្រើសរើសជំនាញ និងព័ត៌មានទីផ្សារការងារ, ចុះកម្មសិក្សានៅតាមសហគ្រាស គ្រឹះស្ថាន ឧស្សាហកម្ម និងក្រុមហ៊ុនឯកជន, ជំនាញមួយពិតប្រាកដដែលទីផ្សារការងារកំពុងត្រូវការ, និងឱកាសការងារធ្វើសមរម្យ និងប្រាក់ចំណូលទៀងទាត់។
![](https://cdn.troryorng.com/wp-content/uploads/2023/12/27180648/IMG_5814-1024x682.png)
អ្នកតាមស្ថានការណ៍សង្គមមួយរូប យល់ថា ការចាប់ផ្តើមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនេះ អាចចាត់ទុកថា ជាឱកាសមាសសម្រាប់យុវជនដែលបានបោះបង់ការសិក្សានិងជាពិសេសសម្រាប់អ្នកដែលបាននិងកំពុងបម្រើការងារនៅតាមរោងចក្រ សហគ្រាស និងគ្រឹះស្ថាននានាទៅទទួលយកជំនាញមួយច្បាស់លាស់ សម្រាប់ខ្លួនឯងនិងជាពិសេសជាការត្រៀមលក្ខណៈប្រកួតប្រជែងលើសង្វៀនទីផ្សារការងារនាពេលខាងមុខ។
ដូច្នេះយុវជនដែលធ្លាប់គិតថា ខ្លួនបាត់បង់ឱកាសទទួលបានការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈឬក៏សិក្សាជំនាញបន្ថែមនោះ គួរតែចាប់ឱកាសនេះឲ្យបាន រៀនជំនាញតាមចំណង់ ផ្ចង់ចិត្តគិតដល់ការងារក្នុងក្តីស្រមៃ ច្នៃជីវិតឲ្យកាន់តែប្រសើរនិងជាពិសេសត្រៀមលក្ខណៈធ្វើជាយុវជន ដ៏ពោរពេញទៅដោយសក្តានុពលសម្រាប់កម្ពុជា ជាទីស្រឡាញ់នៃយើងទាំងអស់គ្នា៕
អត្ថបទ៖ត្រយង