ប្រទេសអ៊ីរ៉ង់បានកំណត់គោលដៅវាយប្រហារលើទីតាំងថាមពលនានានៅទូទាំងតំបន់ឈូងសមុទ្រពែរ្ស និងបានគំរាមកំហែងពីការវាយប្រហារបំផ្លិចបំផ្លាញលើទីតាំងដែលជាបេះដូងនៃការផ្កត់ផ្គង់ថាមពលរបស់ពិភពលោកនេះបន្ថែមទៀត បន្ទាប់ពីវាលឧស្ម័នដ៏សំខាន់មួយត្រូវបានរងការវាយប្រហារ បង្កឱ្យមានការភ័យខ្លាចកាលពីថ្ងៃព្រហស្បតិ៍អំពីការវាយលុកទ្រង់ទ្រាយធំលើការផ្គត់ផ្គង់ប្រេងឥន្ធនៈ ដែលអាចធ្វើឱ្យកក្រើកទីផ្សារសកលដែលកំពុងតែមានភាពរកាំរកូសស្រាប់។

ការព្រមាននេះបានកើតឡើងបន្ទាប់ពីអ៊ីស្រាអែលបានសម្លាប់លោកEsmail Khatib(អ៊ីស្មេល កាហ៊ីប) មេដឹកនាំចារកម្មនៃសាធារណរដ្ឋអ៊ីស្លាមដែលជាការវាយប្រហារចុងក្រោយបង្អស់ក្នុងចំណោមការវាយប្រហារបន្តបន្ទាប់គ្នា ដើម្បីកំទេចជួរថ្នាក់ដឹកនាំរបស់អ៊ីរ៉ង់ចាប់តាំងពីសង្គ្រាមបានចាប់ផ្តើមជិតបីសប្តាហ៍មុន។

បន្ទាប់ពីការវាយប្រហារលើវាលឧស្ម័ន SouthPars របស់ខ្លួនទីក្រុងតេហេរ៉ង់ បានថ្លែងថា ខ្លួននឹងឆ្លើយតបវិញយ៉ាងខ្លាំងក្លា ចំពោះការវាយប្រហារណាមួយបន្ថែមទៀតលើវិស័យថាមពលរបស់ខ្លួន។

សេចក្តីថ្លែងការណ៍របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់(IRGC)ដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបញ្ជាក់ថា៖ «យើងព្រមានអ្នកម្តងទៀតអ្នកបានបង្កើតកំហុសដ៏ធំក្នុងការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៃសាធារណរដ្ឋអ៊ីស្លាម។ប្រសិនបើវាត្រូវបានធ្វើម្តងទៀតការវាយប្រហារបន្ថែមទៀតលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ្នកនិងសម្ព័ន្ធមិត្តរបស់អ្នកនឹងមិនបញ្ឈប់ឡើយ រហូតទាល់តែវាត្រូវបានបំផ្លាញទាំងស្រុង»។

កងទ័ពអ៊ីស្រាអែលមិនបានធ្វើអត្ថាធិប្បាយលើការវាយប្រហារនៅ South Pars នោះទេខណៈដែលមន្ត្រីសហរដ្ឋអាមេរិកបាននិយាយថា ទីក្រុងវ៉ាស៊ីនតោនបានដឹងរឿងនេះប៉ុន្តែមិនមានការចូលរួមឡើយ។

ការគំរាមកំហែងសងសឹករបស់អ៊ីរ៉ង់បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនថាមពលរដ្ឋរបស់ប្រទេសកាតាបាននិយាយថាការវាយប្រហារដោយមីស៊ីលបានបង្កឱ្យមានអគ្គិភ័យ បណ្តាលឱ្យមាន «ការខូចខាតយ៉ាងធ្ងន់ធ្ងរ» នៅឯមជ្ឈមណ្ឌលឧស្ម័នចម្បងរបស់ខ្លួនជាមជ្ឈមណ្ឌលធំជាងគេបំផុតក្នុងពិភពលោក ដែលនាំឱ្យទីក្រុងដូហា សម្រេចបណ្តេញអ្នកការទូតអ៊ីរ៉ង់ចំនួនពីររូបចេញពីប្រទេសភ្លាមៗផងដែរ។

ជាមួយគ្នានេះប្រទេសអារ៉ាប៊ីសាអូឌីតក៏បាននិយាយផងដែរថាខ្លួនបានស្ទាក់ចាប់ដ្រូនដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលនៅភាគខាងកើតខណៈដែលកម្ទេចកម្ទីពីមីស៊ីលបាលីស្ទិកបានធ្លាក់នៅជិតរោងចក្រចម្រាញ់ប្រេងមួយនៅភាគខាងត្បូងទីក្រុងរីយ៉ាដ៕

Share.