រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានព្រមានហ្វីលីពីន ឱ្យដោះស្រាយបញ្ហាតាមរយៈការសន្ទនា អ្វីដែលចិនមើលឃើញថាជា «ការលំបាកដ៏ធ្ងន់ធ្ងរ» នៅចំពោះមុខទំនាក់ទំនងរបស់ប្រទេសទាំង២ ជុំវិញសមុទ្រចិនខាងត្បូង ដែលបានកើតឡើងដោយឧប្បត្តិហេតុ រវាងនាវារបស់ភាគីទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូ ឆ្នាំ២០២៣។
ទីក្រុងប៉េកាំង និងទីក្រុងម៉ានីលបានធ្វើការចោទប្រកាន់គ្នាយ៉ាងខ្លាំង ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ជុំវិញការរត់ការពាក់ព័ន្ធនឹងទូកនេសាទ នាវាឆ្មាំឆ្នេរសមុទ្រ និងនាវាផ្សេងទៀតនៅក្នុងសមុទ្រចិនខាងត្បូង ដែលជាច្រករបៀងពាណិជ្ជកម្មយុទ្ធសាស្ត្រដែលប្រទេសទាំង២ មានការទាមទារកាន់កាប់ជាកម្មសិទ្ធិរាងខ្លួន។
លោក Wang បានប្រាប់សមភាគីហ្វីលីពីនតាមរយៈការសន្ទនាតាមទូរស័ព្ទជាមួយរដ្ឋមន្រ្តីការបរទេសហ្វីលីពីន លោក Enrique Manalo កាលពីថ្ងៃពុធ ថា «ប្រសិនបើប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ធ្វើការវិនិច្ឆ័យខុស ឬឃុបឃិតជាមួយកងកម្លាំងខាងក្រៅ នៅក្នុងដែនទឹកជម្លោះ នោះប្រទេសចិន នឹងការពារសិទ្ធិរបស់ខ្លួន រួមទាំងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន។
សេចក្តីថ្លែងការណ៍នោះបានដកស្រង់សម្តីលោក Wang ដែលបាននិយាយថា៖ «ទំនាក់ទំនងចិន និងហ្វីលីពីនកំពុងស្ថិតនៅផ្លូវបំបែកមួយ ពោលគឺ ត្រូវប្រឈមនឹងជម្រើសថា តើត្រូវដោះស្រាយយ៉ាងដូចម្ដេច ហើយហ្វីលីពីនត្រូវតែធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន»។
ភ្លាមៗនោះគេមិនទាន់ដឹងច្បាស់ថា នរណាជាអ្នកផ្ដើមការហៅទូរសព្ទនោះទេ។ ចិនទាមទារយកដែនទឹកភាគច្រើននៅក្នុងអ្វីដែលហៅថា Nine Dash Line ដែលមានប្រទេសប្រ៊ុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ជាដៃគូប្រកួតប្រជែង។
សូមជម្រាបថា កាលពីថ្ងៃទី១១ ខែធ្នូ ហ្វីលីពីន បានកោះហៅឯកអគ្គរដ្ឋទូតចិនប្រចាំទីក្រុងម៉ានីល ឱ្យចូលជួបដើម្បីសម្ដែងការតវ៉ា ក្រោយឆ្មាំសមុទ្រហ្វីលីពីន ចោទថា នាវាឆ្មាំសមុទ្រចិនបានប្រើកាណុងបាញ់ទឹកដាក់ទូករបស់ខ្លួន ដែលកំពុងធ្វើបេសកកម្មផ្គត់ផ្គង់សម្ភារៈចាំបាច់ ដល់អ្នកនេសាទ និងទាហានហ្វីលីពីន មួយក្រុមតូច ដែលកំពុងឈរជើងនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal។ នៅក្នុងឧប្បត្តិហេតុនោះ ក៏មានការបុកទង្គិចគ្នារវាងនាវាចិន និងទូកហ្វីលីពីន ផងដែរ ហើយទាំងទីក្រុងប៉េកាំង និងម៉ានីល បានទម្លាក់កំហុសដាក់គ្នាទៅវិញទៅមក៕