អាហ្វ្រិកខាងលិច មានអ្នកស្លាប់ដោយសារមេរោគ ហូរឈាម ដ៏សាហាវមួយប្រភេទទៀត ជាលើកដំបូង ខណៈដែលប្រទេសនេះកំពុងតែរងគ្រោះដោយសារមេរោគកូវីដ១៩ ផងដែរ។ )

អង្គការសុខភាពពិភពលោកបានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃច័ន្ទ ទី ០៩ ម្សិលម៉ិញថា អាជ្ញាធរសុខាភិបាលនៅប្រទេសហ្គីណេ បានបញ្ជាក់ពីការស្លាប់មនុស្សម្នាក់ដោយសារវីរុស Marburg។

Marburg គឺជាជម្ងឺគ្រុនក្ដៅ ហូរឈាមពេញរាងកាយ វាមានសមត្ថភាពឆ្លងយ៉ាងសាហាវដូចជាជម្ងឺ Ebola ដែរ។ នេះជាជម្ងឺឆ្លងដ៏សាហាវដែលបានរាតត្បាតជាលើកដំបូងនៅក្នុងតំបន់អាហ្រ្វិកខាងលិច។ ជម្ងឺ Marburg បានផ្ទុះការឆ្លងរាតត្បាតទ្រង់ទ្រាយធំចំនួន ១២លើករួចមកហើយ ចាប់តាំងពីឆ្នាំ ១៩៦៧ ជម្ងឺនេះបានឆ្លងចេញពីសត្វប្រជៀវ​ ដែលភាគច្រើនឆ្លងនៅតំបន់អាហ្វ្រិកខាងត្បូង និង ខាងកើត មិនទាន់ឆ្លងចូលអាហ្រ្វិកខាងលិចទេ។

ករណីថ្មីរបស់ប្រទេសហ្គីណេ ត្រូវបានគេរកឃើញជាលើកដំបូងកាលពីសប្តាហ៍មុន ពោលគឺត្រឹមតែ២ខែប៉ុណ្ណោះ បន្ទាប់ពីប្រទេសនេះបានប្រកាសថា យកឈ្នះលើជំងឺអេបូឡា ក្រោយការផ្ទុះឡើងដ៏ខ្លីកាលពីដើមឆ្នាំ ដែលបានសម្លាប់មនុស្សចំនួន ១២ នាក់។ នេះបើយោងតាមសេចក្ដីថ្លែងការណ៍របស់អង្គការសុខភាពពិភពលោក WHO។​

អង្គការសុខភាពពិភពលោកបានបញ្ជាក់អំពីរោគសញ្ញារបស់វីរុសនេះរួមមាន ឈឺក្បាល ក្អួតឈាម ភ្នែកក្រហម ឈឺសាច់ដុំ និង ហូរឈាមតាមរន្ធផ្សេងៗជាដើម៕

Share.