រថយន្តដឹកពលករខ្មែរជាច្រើននាក់បានរ៉េចង្កូតទៅបុកនឹងរនាំងខ័ណ្ឌចែកផ្លូវ រួចហើយជ្រុលទៅបុកលើរថយន្ត ១គ្រឿងទៀតបណ្តាលឲ្យស្ត្រី ២នាក់របួសធ្ងន់ និងស្រាល។

លោកវរសេនីយ៍ឯក សេង លុច អធិការនគរបាលស្រុកថ្មគោលបានប្រាប់ឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តដឹកពលករ និងរថយន្តហាយឡេនឌ័រខាងលើបានកើតឡើង នៅរសៀលថ្ងៃទី ១០ ខែសីហា ម្សិលមិញ តាមបណ្តោយផ្លូវជាតិលេខ ០៥ ត្រង់ចំណុច កំណាត់ផ្លូវកំពុងស្ថាបនាថ្មី ឋិតក្នុងក្រុមទី ១១ ភូមិប៉ោយសំរោង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

មុនពេលកើតហេតុគេឃើញរថយន្តដឹកពលករចំនួន ២១នាក់បានធ្វើដំណើរក្នុងទិសដៅពី ត្បូងទៅជើង លុះដល់ចំណុចគ្រោះថ្នាក់ទំនងរថយន្តមានបញ្ហាស្រាប់តែរ៉េចង្កូចចូលទៅគន្លងផ្លូវ ខាងឆ្វេងដៃទៅបុកនឹងរនាំងខ័ណ្ឌចែកផ្លូវ ថែមទាំងបានជ្រុលទៅបុកជាមួយនឹង រថយន្តម៉ាកហាយឡេនដ័រ ១គ្រឿងទៀតកំពុងធ្វើដំណើរច្រាស់ទិសគ្នាខូចខាតផ្នែកខាងមុខ មួយចំនួន។

មន្ត្រីនគរបាលដដែលបន្ថែមថា រវាងហេតុការណ៍នេះ អ្នកបើកបររថយន្តត្រេអ៊ីមាន ឈ្មោះឡាយ តុលា ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ  ខេត្តពោធិ៍សាត់ ដោយឡែកចំពោះពលករចំនួន ២១នាក់ផ្សេងទៀតសំណាងល្អមិនមាន ការប៉ះពាល់របួសឡើយ។ រីឯភាគីខាងរថយន្តម៉ាក់ហាយឡេដ័រ ពាក់ស្លាកលេខ បាត់ដំបង ២B-០៨៧៦ អ្នកបើកបរមានឈ្មោះរ៉ា សុជាតិ ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ និងអ្នករួមដំណើរជាស្ត្រីចំនួន ២នាក់ ម្នាក់រងរបួសធ្ងន់ធ្ងរ និងម្នាក់ ទៀតរងរបួសស្រាល។

ក្រោយពេលដែលនគរបាលផ្នែកជំនាញចុះចំពិនិត្យ និងវាស់វែងរួចរាល់បានប្រគល់ សំណុំរឿងនេះទៅឱ្យការិយាល័យចរាចរណ៍ខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.