ត្បូងឃ្មុំ ៖ អាណាព្យាបាលសិស្ស រៀននៅវិទ្យាល័យ សម្តេចតេជោហ៊ុន សែន សួង បានបន្តស្នើសុំអាជ្ញាធរពាក់ព័ន្ធជួយអន្តរាគមន៍ រឿងកូនៗពួកគាត់ទៅរៀនត្រូវផ្ញើម៉ូតូនៅខាងក្រៅសាលារៀន ដោយត្រូវចំណាយលុយច្រើន ដែលជាហេតុធ្វើពួកគាត់កាន់តែពិបាកក្នុងការរកលុយឱ្យកូនៗពួកគាត់ទៅរៀនជាប្រចាំថ្ងៃ ព្រោះមិនមែនចំណាយតែផ្ញើរម៉ូតូមួយមុខទេ គឺនៅមានចំណាយផ្សែងៗទៀត។

តាមមាតា បិតា សិស្ស បានរៀបរាប់ឱ្យដឹងថា កូនៗគាត់ យកម៉ូតូទៅផ្ញើនៅក្រៅសាលាធ្វើឲ្យពួកគាត់ព្រួយបារម្ភពីការគោរពវិន័យរបស់សាលាមិនបានល្អ ។ ម៉្យាងទៀតការចំណាយទៅលើការផ្ញើម៉ូតូ ក្នុងមួយខែៗ មិនក្រោម២ម៉ឺន៥ពាន់រៀលនោះទេ ម៉ូតូផ្ញើតម្លៃ៥០០រៀលម្តង បើផ្ញើ២ដងអស់១ពាន់រៀលឯណោះ ។ ពួកគាត់បានលើកឡើងថា សាលាគួរមានវិធានការទៅលើបញ្ហានេះផង ព្រោះវិទ្យាល័យផ្សេងៗ ក្នុងខេត្តសិស្សទៅរៀនគឺផ្ញើម៉ូតូក្នុងសាលា ភាស៊ីគេយកតែ៣០០រៀលទេ។
តាមការលើកឡើងរបស់លោក អាំង សុខពៅ ជាគ្រូបង្រៀនផ្ទះនៅមុខវិទ្យាល័យបានបញ្ជាក់ថា ក្នុងម៉ូតូ១គ្រឿងយកតម្លៃ៥០០រៀលជាយូរឆ្នាំមកហើយ។
ចំណែកលោក កែវ រុន ជាគ្រូបង្រៀន បានបញ្ជាក់ឱ្យដឹងថា ម៉ូតូ១គ្រឿង គាត់យកតែ៣០០រៀលទេ គឺអនុវត្តន៍តាមការដេញថ្លៃ និងតាមការណែនាំរបស់សាលា។

លោក សេង ឌឿន នាយកវិទ្យាល័យសម្តេចតេជោហ៊ុន សែន សួង បានបញ្ជាក់ថា ពិតជាមានការផ្ញើម៉ូតូក្រៅសាលាមែន ហើយមានចំនួន២កន្លែងផងដែរ វិទ្យាល័យមានសិស្ស៣ពាន់នាក់ ម៉ូតូមានចំនួនជាង៥០០គ្រឿង ផ្ញើផ្ទះឯកជនអាចជិត២០០គ្រឿង ។ ការងារនេះ សាលាបានណែនាំឲ្យយកម៉ូតូ១គ្រឿងតែ៣០០រៀលទេ តែផ្ទះឯកជនទាំង២នោះនៅបន្តយក៥០០រៀលដដែល។
លោកក៏បានត្អូញត្អែរដែរថា រាល់ឆ្នាំសាលាមានការខ្វះខាតទៅលើការចំណាយផ្សេងៗ ច្រើនដូចជា បញ្ហាទឹក ភ្លើង ក្នុងការបង្កចរន្តការងារសាលាឲ្យបានប្រសើរឡើង។ តែបើសិស្សផ្ញើរម៉ូតូនៅមូលមួយកន្លែងក្នុងសារ នោះសាលាក៏អាចបានចំណូលពីការដេញថ្លៃយកភាស៊ីបានបន្តិចបន្ទួច គ្រាន់ជួយចំណាយក្នុងខ្លះៗសាលាដែរ។

លោកនាយកសាលាក៏បានលើកឡើងដែរថា អ្នកទទួលផ្ញើរម៉ូតូនៅក្រៅសាលាទាំងពីរនាក់ប្តី ប្រពន្ធ គឺជាគ្រូបង្រៀននៅសាលានេះដូចគ្នា ដែលផ្ទះពួកគាត់គឺនៅមុខវិទ្យាល័យតែម្តង ហើយពួកគាត់បើកទទួលផ្ញើរកង់ម៉ូតូនេះយូរឆ្នាំដែរហើយ បន្ទាប់ពីពួកគាត់ដេញថ្លៃភាស៊ីផ្ញើម៉ូតូនៅសាលាមិនបាន ទើបហើយទៅបើកការផ្ញើម៉ូតូជាឯកជនដូចនេះ ពោលគឺមុនលោកឡើងជានាយកសាលានេះទៅទៀត៕

អត្ថបទ៖ សាន វីឡែម

