សៀមរាប៖ កម្លាំងអាវុធហត្ថក្រុងសៀមរាប បានបង្ក្រាបករណីដឹកជញ្ជូន និងរក្សាទុកសត្វព្រៃដោយខុសច្បាប់ ដោយដកហូតពស់ថ្លាន់ចំនួន ២៧ការ៉ុង មានទម្ងន់សរុប ៣១៨,៤គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់ ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ប្រតិបត្តិការនេះធ្វើឡើងរយៈពេល២ថ្ងៃ ពោលគឺនៅថ្ងៃទី១៧ និងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅភូមិទី៧ សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ដោយកម្លាំងអាវុធហត្ថក្រុងសៀមរាប សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពក្រុង និងផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី។ ក្នុងប្រតិបត្តិការខាងលើ សមត្ថកិច្ចបានរកឃើញ និងដកហូតពស់ថ្លាន់ចំនួន ២៧ការ៉ុង ដែលមានទម្ងន់សរុប ៣១៨,៤គីឡូក្រាម ព្រមទាំងឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធនឹងករណីដឹកជញ្ជូន និងរក្សាទុកសត្វព្រៃខុសច្បាប់។

ក្រោយបញ្ចប់ប្រតិបត្តិការ ជនសង្ស័យ និងវត្ថុតាង ត្រូវបានប្រគល់ជូនផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រី ដើម្បីបន្តនីតិវិធី។ ជាមួយគ្នានេះ សមត្ថកិច្ចបានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមថែរក្សា និងអភិរក្សសត្វព្រៃ ដោយមិនគាំទ្រការជួញដូរ ឬប្រព្រឹត្តបទល្មើសពាក់ព័ន្ធនឹងសត្វព្រៃ ដែលបង្កផលប៉ះពាល់ដល់ធនធានធម្មជាតិ។
អត្ថបទ៖ ចតុម្មុខ


