ទីភ្នាក់ងារស្ទាបស្ទង់ភូមិសាស្ត្រអាមេរិក (USGS) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៧រ៉ិចទ័រ បានវាយប្រហារនៅមហាសមុទ្រប៉ាស៊ីហ្វិក នៅព្រឹកព្រលឹមថ្ងៃអង្គារ នេះ នៅឯឆ្នេរសមុទ្រហ្វីលីពីន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Vietnam Plus នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

យោងតាមប្រព័ន្ធព្រមានពីរលកយក្សស៊ូណាមិរបស់សហរដ្ឋអាមេរិក បានឱ្យដឹងថា ការរញ្ជួយដី មិនបានបង្កឱ្យមានការជូនដំណឹងអំពីរលកយក្សស៊ូណាមិ នោះទេ ហើយមិនមានរបាយការណ៍ភ្លាមៗអំពីការខូចខាត ឬរបួសធ្ងន់ធ្ងរអ្វីនោះដែរ។

ព្រឹត្តិការណ៍រញ្ជួយដី ដែលមានជម្រៅ ៧០គីឡូម៉ែត្រនេះ បានកើតឡើងប្រហែល ១០០គីឡូម៉ែត្រពីភាគខាងត្បូងនៃកោះ Mindanao ប្រទេសហ្វីលីពីន ដោយសារតែទីតាំងនៅតំបន់នេះ នៅតាមបណ្តោយខ្សែក្រវាត់ប៉ាស៊ីហ្វិក ដែលជាកន្លែងរញ្ជួយដី និងសកម្មភាពភ្នំភ្លើងកំពុងរីករាលដាលពីប្រទេសជប៉ុន ឆ្លងកាត់អាស៊ីអាគ្នេយ៍ និងចូលទៅក្នុងអាងសមុទ្រប៉ាស៊ីហ្វិក។

ជាមួយគ្នានេះដែរ មជ្ឈមណ្ឌលរញ្ជួយដីសមុទ្រមេឌីទែរ៉ាណេអឺរ៉ុប (EMSC) បានរាយការណ៍ថា មានគ្រោះរញ្ជួយដីកម្រិត ៦.៨រ៉ិចទ័រ បានវាយប្រហារតំបន់ Kepulauan Talaud របស់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃដដែលនេះ ដែលការរញ្ជួយដីនេះ មានជម្រៅ ៩១គីឡូម៉ែត្រ។

សូមជម្រាបថា ការរញ្ជួយដី គឺស្ទើរតែកើតឡើងជារៀងរាល់ថ្ងៃនៅក្នុងប្រទេសហ្វីលីពីន ដោយភាគច្រើនជាការរញ្ជួយកម្រិតតូចតាច ប៉ុន្តែក៏មានការរញ្ជួយដីកម្រិតកម្លាំងខ្លាំងមួយចំនួន ដោយបានបណ្តាលឱ្យខូចខាតហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាលឱ្យមានអ្នកស្លាប់ រងរបួសផងដែរ៕

ប្រភព៖ Vietnam Plus

Share.