វិបត្តិយន្តហោះ Boeing 737 MAX ចុងក្រោយបង្អស់កាន់តែស៊ីជម្រៅ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ United Airlines និងក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយថា «ពួកគេបានរកឃើញដុំខ្ចៅរលុងនៅលើយន្តហោះ MAX 9 នៅលើដីជាច្រើនគ្រឿង ដែលបង្កើតឱ្យមានការព្រួយបារម្ភថ្មី ក្នុងចំណោមអ្នកជំនាញក្នុងឧស្សាហកម្មអំពីមធ្យោបាយដែលប្រភេទយន្តហោះដែលលក់ដាច់បំផុតរបស់ខ្លួនត្រូវបានផលិត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី៩ ខែមករា ឆ្នាំ២០២៤។

និយតកររបស់សហរដ្ឋអាមេរិក បានបញ្ឈប់យន្តហោះ 737 Max 9 ចំនួន ១៧១គ្រឿងមិនឱ្យហោះហើរ បន្ទាប់ពីបន្ទះទ្វារមួយបានដាច់ចេញពីយន្តហោះ ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines មិនយូរប៉ុន្មានបន្ទាប់ពីបានហោះចេញពីព្រលានយន្តហោះ Portland រដ្ឋ Oregon កាលពីថ្ងៃសុក្រ ដោយបង្ខំឱ្យអាកាសយានិកព្យាយាមចុះចតដោយសុវត្ថិភាព។

ក្រុមហ៊ុនអាកាសចរណ៍ Alaska Airlines បាននិយាយកាលពីល្ងាចថ្ងៃចន្ទ ថា របាយការណ៍ដំបូងពីអ្នកបច្ចេកទេសរបស់ខ្លួនបានបង្ហាញថា «ដុំខ្ចៅរលុង» មួយចំនួនអាចរកឃើញនៅលើយន្តហោះមួយចំនួន នៅក្នុងតំបន់ដែលពាក់ព័ន្ធ នៅពេលកំពុងធ្វើការត្រួតពិនិត្យ។

ក្រុមហ៊ុនអាកាសចរណ៍ United ដែលជាក្រុមហ៊ុនដឹកជញ្ជូនរបស់សហរដ្ឋអាមេរិកញទាំង២ ដែលហោះហើរម៉ូដែល Boeing នេះ ជាមួយនឹងបន្ទះក្តារប្រភេទនោះ បាននិយាយថា ការត្រួតពិនិត្យបឋមរបស់ខ្លួន បានរកឃើញថា មានដុំខ្ចៅដែលរលុងដែលត្រូវការរឹតបន្តឹងលើបន្ទះយន្ដហោះជាច្រើន។

ការ​រកឃើញ​នេះ​ បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​ដំណើរ​ការ​ផលិត​យន្តហោះ​ប្រភេទ MAX 9 ដែល​ត្រូវ​បាន​ផ្អាកដំណើរការ។ ប្រភពដែលដឹងពីបញ្ហានេះបាននិយាយថា រហូតមកដល់ពេលនេះក្រុមហ៊ុនអាកាសចរណ៍ United បានរកឃើញយន្តហោះជិត ១០គ្រឿង ដែលមានដុំខ្ចៅលុងអំឡុងពេលត្រួតពិនិត្យបឋមរបស់វា ដែលកើនឡើងពីចំនួន ៥គ្រឿង ដំបូងដែលត្រូវបានរាយការណ៍ដោយការបោះពុម្ពផ្សាយឧស្សាហកម្ម The Air Current ហើយតួលេខនេះអាចនឹងកើនឡើងបន្ថែមទៀត។

យ៉ាងណាម៉ិញ នៅតែមានការពិភាក្សាបន្តរវាងក្រុមហ៊ុន Boeing ជាមួយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) និងក្រុមហ៊ុនអាកាសចរណ៍លើគោលការណ៍ណែនាំត្រួតពិនិត្យច្បាស់លាស់។

ប្រភពបាននិយាយថា យន្ដហោះប្រភេទ Boeing ត្រូវបានគេរំពឹងថា នឹងកែប្រែគោលការណ៍ណែនាំដែលខ្លួន ដោយបានដាក់ជូនក្រុមហ៊ុនអាកាសចរណ៍ នៅព្រឹកថ្ងៃចន្ទ ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) នឹងត្រូវចុះហត្ថលេខាលើការផ្លាស់ប្តូរទាំងនោះ មុនពេលក្រុមហ៊ុនអាកាសចរណ៍អាចចាប់ផ្តើមជួសជុលឡើងវិញ។

ទាក់ទិននឹងបញ្ហានេះ ក្រុមហ៊ុនផលិតយន្តហោះបាននិយាយថា «យើងប្តេជ្ញាធានាថា រាល់យន្តហោះ Boeing ទាំងអស់ត្រូវតាមលក្ខណៈបច្ចេកទេស នៃការរចនា និងស្តង់ដារសុវត្ថិភាព និងគុណភាពខ្ពស់បំផុត។ យើង​សោកស្ដាយ​ចំពោះ​ផល​ប៉ះពាល់​ដែល​បាន​កើត​មាន​លើ​អតិថិជន​របស់​យើង និង​អ្នក​ដំណើរ​របស់ក្រុមហ៊ុនអាកាសចរណ៍​ពួក​គេ»៕

ប្រភព៖ CNA

Share.