ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង (KCNA) បានរាយការណ៍នៅថ្ងៃពុធ នេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានទៅទស្សនារោងចក្រសព្វាវុធក្នុងសប្តាហ៍នេះ ខណៈសហរដ្ឋអាមេរិក និងដៃគូរបស់ខ្លួនបានថ្កោលទោសការផ្ទេរអាវុធរបស់ប្រទេសនេះជាមួយរុស្ស៊ី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ​ ទី១០ ខែមករា ឆ្នាំ២០២៤។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានរាយការណ៍ថា លោក Kim ក៏បានគូសបញ្ជាក់អំពី «ភាពខ្វះខាត» នាពេលថ្មីៗនេះ នៅក្នុងការរៀបចំការផលិតអាវុធ និងបានអំពាវនាវឱ្យមានការកែតម្រូវឡើងវិញ នៅពេលដែលលោក បានសង្កត់ធ្ងន់លើ «សារៈសំខាន់ជាយុទ្ធសាស្រ្ត នៃការផលិតអាវុធសំខាន់ៗ»។

បើតាមរូបភាពដែលថតដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA ដំណើរទស្សនកិច្ចរបស់លោក គីម ទៅកាន់រោងចក្រផលិតគ្រាប់មីន បង្ហាញឱ្យឃើញថា លោកកំពុងត្រួតពិនិត្យរថយន្តបាញ់មីស៊ីលរយៈចម្ងាយខ្លីចល័ត។ ដំណើរ​ទស្សនកិច្ច​របស់​លោក​ ធ្វើ​ឡើង​ចំពេល​ប្រទេស​ជិត៥០ បាន​ថ្កោលទោស​ការ​ទិញ​ និង​ការ​ប្រើ​ប្រាស់​កាំជ្រួច​មីស៊ីល​របស់​កូរ៉េ​ខាង​ជើងដែល​រុស្ស៊ីប្រើដើម្បីប្រឆាំង​នឹង​អ៊ុយក្រែន។

សេចក្តីថ្លែងការណ៍រួមបាននិយាយកាលពីថ្ងៃអង្គារថា «មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដែលប្រទេសរុស្ស៊ីប្រើប្រាស់នៅអ៊ុយក្រែន ក៏ផ្តល់នូវការយល់ដឹងផ្នែកបច្ចេកទេស និងយោធាដ៏មានតម្លៃដល់កូរ៉េខាងជើងផងដែរ»។

ទាក់ទិននឹងបញ្ហានេះ សេតវិមានបាននិយាយថា ទីប្រឹក្សាសន្តិសុខជាតិរបស់សេតវិមាន លោក Jake Sullivan នៅក្នុងការហៅទូរស័ព្ទជាមួយសមភាគីកូរ៉េខាងត្បូង គឺលោក Chang Ho-jin កាលពីថ្ងៃអង្គារ បានថ្កោលទោសក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត ពាក់ព័ន្ធការផ្ទេរមីស៊ីលរបស់កូរ៉េខាងជើង ទៅកាន់ប្រទេសរុស្ស៊ី។

ទន្ទឹមនោះ អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Kirby បាននិយាយនៅថ្ងៃអង្គារ សប្ដាហ៍នេះថា បន្ទាប់ពីការរាយការណ៍ដំបូងអំពីការប្រើប្រាស់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៣ និងថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ រុស្ស៊ីបានបាញ់អាវុធបែបនេះបន្ថែមទៀតទៅលើអ៊ុយក្រែន រួមទាំងការបាញ់មួយគ្រាប់ដែលបានធ្លាក់នៅទីក្រុង Kharkiv នៃប្រទេសអ៊ុយក្រែន។ លោក Kirby បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា សហរដ្ឋអាមេរិក និងដៃគូសម្ព័ន្ធមិត្ត របស់ខ្លួននឹងលើកបញ្ហានេះជាមួយក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នៅថ្ងៃពុធ សប្ដាហ៍នេះ។

KCNA បាន​រាយការណ៍​ថា លោក Kim ក៏​បាន​និយាយ​ផង​ដែរ​ថា ​ដល់​ពេល​កំណត់​កូរ៉េ​ខាង​ត្បូង​ជា​រដ្ឋ «អរិភាព​បំផុត» ចំពោះ​ប្រទេស​របស់​លោក។ លោកបានចោទប្រកាន់ទីក្រុងសេអ៊ូល ពីបទញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នា និងការបង្កើតអាវុធ នៅពេលដែលជំរុញឱ្យប្រទេសរបស់លោក បង្កើនសមត្ថភាពយោធារបស់ខ្លួនសម្រាប់ការការពារខ្លួន និងការរារាំងសង្គ្រាមនុយក្លេអ៊ែររបស់ខ្លួន។

លោកបានពណ៌នាទំនាក់ទំនងកាន់តែអាក្រក់រវាងកូរ៉េទាំង២ ថាជា «ដំណាក់កាលថ្មីនៃការផ្លាស់ប្តូរ និងការពិតដែលមិនអាចជៀសផុតបាន»។ មេដឹកនាំរូបនេះត្រូវបានគេដកស្រង់សម្តីថា «ពួកយើងនឹងមិននាំមកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យដោយឯកតោភាគីជាមួយកម្លាំងដ៏លើសលប់នៅក្នុងឧបទ្វីបកូរ៉េនោះទេ ប៉ុន្តែយើងក៏មិនមានចេតនាចង់ជៀសវាងសង្រ្គាមផងដែរ»។

សូមជម្រាបថា នៅក្នុងការកត់សម្គាល់នៃកិច្ចប្រជុំភាគីចុងឆ្នាំកាលពីខែធ្នូ ថ្មីៗនេះ លោក Kim បាននិយាយថា «ការបង្រួបបង្រួមដោយសន្តិវិធី គឺមិនអាចទៅរួចទេ ដោយបន្ថែមថារដ្ឋាភិបាលនឹងធ្វើការផ្លាស់ប្តូរគោលនយោបាយការសម្រេចចិត្ត នៅក្នុងទំនាក់ទំនងជាមួយកូរ៉េខាងត្បូង»៕

ប្រភព៖​ CNA

Share.