ប្រធានាធិបតីអេក្វាទ័រ លោក ដានីយែល ណូបូអា (Daniel Noboa) បាននិយាយកាលពីថ្ងៃពុធ ថា ប្រទេសរបស់លោក «កំពុងមានសង្រ្គាម ជាមួយក្រុមឧក្រិដ្ឋជនគ្រឿងញៀន ដែលកំពុងចាប់ឆ្មាំគុក អ្នកសារព័ត៌មាន ជាចំណាប់ខ្មាំង ចំពេលមានការកើនឡើងយ៉ាងខ្លាំងនៃអំពើហិង្សាក្នុងប្រទេស ដោយក្រុមឧក្រិដ្ឋជនប្រដាប់ដោយកាំភ្លើងទាំងនោះ បានសម្រុកចូលកាន់កាប់ក្នុងស្ថានីយ៍ទូរទស្សន៍ជាតិ និងគំរាមថា កុំចង់លេងសើចជាមួយក្រុមម៉ាហ្វីយ៉ា (Mafia)»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នាថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ឆ្នាំ២០២៤។

ការចាប់ឆ្មាំពន្ធនាគារជាចំណាប់ខ្មាំង និងបុគ្គលិកជាង ១៣០នាក់ ដែលបានចាប់ផ្តើមនៅព្រឹកព្រលឹមថ្ងៃចន្ទ បានជំរុញឱ្យប្រធានាធិបតីអេក្វាទ័ររូបនេះ ប្រកាសស្ថានភាពអាសន្នជម្លោះប្រដាប់អាវុធផ្ទៃក្នុងរយៈពេល ៦០ថ្ងៃ និងបានដាក់បញ្ជាឱ្យតាមកម្ទេចក្រុមឧក្រិដ្ឋជនទាំងអស់ដែលពាក់ព័ន្ធគ្រឿងញៀនតែម្ដង។
លោកបានពង្រឹងក្រឹត្យនេះ កាលពីថ្ងៃអង្គារ បន្ទាប់ពីការផ្ទុះអាវុធជាបន្តបន្ទាប់នៅទូទាំងប្រទេស និងការកាន់កាប់ស្ថានីយ៍ទូរទស្សន៍ជាតិ TC ដោយខ្មាន់កាំភ្លើងពាក់អាវ balaclava ផ្សាយបន្ដផ្ទាល់។

កាលពីថ្ងៃអង្គារ លោក ណូបូអា (Noboa) បានហៅក្រុមក្មេងទំនើងចំនួន ២២ក្រុម ថាជាអង្គការភេរវករនិយម ដែលធ្វើឱ្យពួកគេក្លាយជាគោលដៅរបស់កម្លាំងយោធាជាផ្លូវការ។
លោក Noboa បានប្រាប់ស្ថានីយវិទ្យុ Canela Radio កាលពីថ្ងៃពុធថា «យើងកំពុងមានសង្រ្គាម ហើយយើងមិនអាចបោះបង់ចោលនៅចំពោះមុខក្រុមភេរវករទាំងនេះទេ»។ លោកបានប៉ាន់ប្រមាណថា «សមាជិកក្រុមឧក្រិដ្ឋជនប្រហែល ២០,០០០នាក់ កំពុងធ្វើសកម្មភាពនៅក្នុងប្រទេសអេក្វាទ័រ»។

លោក Noboa បាននិយាយថា រាល់កិច្ចខិតខំប្រឹងប្រែងកំពុងត្រូវបានធ្វើឡើង ដើម្បីជួយសង្គ្រោះចំណាប់ខ្មាំងនៅក្នុងពន្ធនាគារ។ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ លោក ចៃមី វេឡា (Jaime Vela) បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីល្ងាចថ្ងៃពុធ ថា មនុស្សប្រហែល ៣២៩នាក់ ដែលភាគច្រើនជាសមាជិកនៃក្រុមក្មេងទំនើងជាច្រើនក្រុម ត្រូវបានចាប់ខ្លួនតាំងពីភាពអាសន្នបានចាប់ផ្តើម។
ឆ្លើយតបទៅនឹងសំណួរអំពីវីដេអូដ៏អាក្រក់ដែលផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមដែលបង្ហាញថាបុគ្គលិកពន្ធនាគារ ត្រូវបានទទួលរងនូវអំពើហិង្សាយ៉ាងខ្លាំង រួមទាំងត្រូវបានបាញ់សម្លាប់ និងព្យួរក លោក Vela បានបន្ថែមថា «មិនមានចំណាប់ខ្មាំងណាម្នាក់ត្រូវបានសម្លាប់ទេ»។

យោងតាមទីភ្នាក់ងារពន្ធនាគារ SNAI បាននិយាយថា «ចំណាប់ខ្មាំងជាឆ្មាំពន្ធនាគារមានចំនួន ១២៥នាក់ ខណៈមនុស្ស ១៤នាក់ទៀតជាបុគ្គលិករដ្ឋបាល»។ ទីភ្នាក់ងារពន្ធនាគារខាងលើ បាននិយាយថា មនុស្ស ១១នាក់ត្រូវបានដោះលែងកាលពីថ្ងៃអង្គារ។
ទាក់ទិននឹងបញ្ហានេះ រដ្ឋាភិបាលអេក្វាទ័របាននិយាយថា រលកចុងក្រោយនៃអំពើហឹង្សា គឺជាប្រតិកម្មមួយចំពោះផែនការរបស់លោក Noboa ក្នុងការសាងសង់ពន្ធនាគារថ្មី ដែលមានសុវត្ថិភាពខ្ពស់សម្រាប់ដាក់មេដឹកនាំក្រុមម៉ាហ្វីយ៉ា (Mafia)។ លោក Noboa បានប្រាប់ស្ថានីយវិទ្យុថា ការរចនាមន្ទីរឃុំឃាំងថ្មីចំនួន២ នឹងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃស្អែកនេះ។

លោក Noboa បាននិយាយថា ប្រទេសរបស់លោកនឹងចាប់ផ្តើមនិរទេសអ្នកទោសបរទេស ជាពិសេសជនជាតិកូឡុំប៊ី ក្នុងសប្តាហ៍នេះ ដើម្បីកាត់បន្ថយចំនួនអ្នកទោស និងការចំណាយក្នុងប្រទេស។ លោក Noboa បាននិយាយថា មានជនជាតិកូឡុំប៊ីប្រហែល ១,៥០០នាក់នៅក្នុងពន្ធនាគាររបស់ប្រទេសអេក្វាទ័រ ហើយអ្នកទោសមកពីប្រទេសកូឡុំប៊ី ប៉េរូ និងវ៉េណេស៊ុយអេឡា មានចំនួន ៩០% នៃជនបរទេសដែលជាប់ពន្ធនាគារ។

សូមជម្រាបថា លោកប្រធានាធិបតីរូបនេះ បានឡើងកាន់អំណាចកាលពីខែវិច្ឆិកា ដោយសន្យាថា នឹងដោះស្រាយបញ្ហាសន្តិសុខដែលកំពុងកើនឡើង ដែលបណ្តាលមកពីការកើនឡើងនៃក្រុមជួញដូរគ្រឿងញៀន ជួញដូរកូកាអ៊ីនឆ្លងកាត់ប្រទេសអេក្វាទ័រ។ ផ្លូវនានាប្រទេសអេក្វាទ័រ មានភាពស្ងប់ស្ងាត់ជាងធម្មតាកាលពីថ្ងៃពុធ ដោយអាជីវកម្មជាច្រើនបានបិទទ្វារ ឬធ្វើការពីចម្ងាយ ហើយសាលារៀនជាច្រើនត្រូវបានបិទជាបណ្ដោះអាសន្ន៕

