ភ្នំពេញ ៖ អ្នកជំងឺកម្រឹតធ្ងន់ម្នាក់ ខណៈដែលដឹកបញ្ជូនពីមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មកមន្ទីរពេទ្យនារាជធានីភ្នំពេញ ចៃដន្យរថយន្តជួបបញ្ហាបច្ចេកទេសម៉ាសុីន រលត់តាមផ្លូវនៅលើផ្លូវល្បឿនលឿន (ព្រះសីហនុ-ភ្នំពេញ) ក្បែរបញ្ជរបង់ប្រាក់ ក្នុងភូមិតាភេម សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ផ្អើលក្រុមគ្រូពេទ្យ ក្រុមសង្គ្រោះ ខ្វែងដៃ ខ្វែងជើង រកដំណោះស្រាយ ។

ហេតុដ៏ចៃដន្យនេះ បានកើតឡើងកាលពីវេលាម៉ោង២និង២០នាទីរសៀល ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ត្រូវបានក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ សហការជាមួយកម្លាំងអន្តរាគមន៍ក្រុមហ៊ុនផ្លូវល្បឿនលឿនទទួលយកអ្នកជំងឺ ដើម្បីចាត់បញ្ជូនបន្តទៅសង្គ្រោះភ្លាមៗ។

អ្នកជំងឺដែលជួបភាពចៃដន្យនេះ មានឈ្មោះ សួង ផល្លា ភេទស្រី អាយុ៦៥ឆ្នាំ មានទីលំនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ដែលមានជំងឺ ដាច់សរសៃឈាមខួរក្បាល (AVC accident vasculaire cérébral ) ស្ថានភាពធ្ងន់ បានចូលពិនិត្យ សម្រាកនៅមន្ទីរពេទ្យបង្អែកចំការចេក ខេត្តព្រះសីហនុ ក៏ប៉ុន្តែស្ថានភាពជំងឺ ត្រូវចាត់បញ្ជូនបន្តទៅមន្ទីរពេទ្យរុស្សុី ទើបនៅរសៀលថ្ងៃដដែល រថយន្តសង្គ្រោះរបស់មន្ទីរពេទ្យបង្អែកខេត្ត បានដឹកអ្នកជំងឺ តាមផ្លូវល្បឿនលឿន ព្រះសីហនុ-ភ្នំពេញ លុះដល់ចំណុចខាងលើ រថយន្តជួបបញ្ហាបច្ចេកទេសផ្នែកខាងម៉ាសុីន នៅលើផ្លូវល្បឿនលឿន ធ្វើឱ្យក្រុមគ្រូពេទ្យ ក្រុមសង្គ្រោះ ខ្វែងដៃខ្វែងជើងរកដំណោះស្រាយ ព្រោះមិនមែននៅលើផ្លូវជាតិ ទីបំផុតដោយមានកិច្ចសហការ រវាងក្រុមសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ជាមួយក្រុមអន្តរាគមន៍ របស់ក្រុមហ៊ុនផ្លូវល្បឿនលឿន ដើម្បីទៅទួលយកអ្នកជំងឺខាងលើ ដឹកបញ្ជូនបន្តទៅមន្ទីរពេទ្យរុស្សុីភ្លាមៗ៕

អត្ថបទ៖ តាតុងសែនជ័យ

