ភ្នំពេញ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤នេះ លោក ថន ប៉ោហៀក ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទចំនួន ៤ ដាក់ពន្ធនាគារក្នុងម្នាក់ៗចំនួនពី ៣០ឆ្នាំ ដល់អស់មួយជីវិត និងពិន័យជាប្រាក់ក្នុងម្នាក់ៗ៤០លានរៀលបង់ចូលថវិការដ្ឋ ក្រោមការចោទប្រកាន់ ពីបទ រក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនជិត ៤គីឡូក្រាម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង ២២:១៥នាទី កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន បានឃាត់ជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន ខណៈកម្លាំងចុះល្បាតដល់នៅចំណុចគង់ហុង ផ្លូវលំ ភូមិ៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន។ លុះដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ នៅវេលាម៉ោង១៣:១៥នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន និងអាជ្ញាធរមូលដ្ឋានខណ្ឌច្បារអំពៅ បង្ក្រាប ឆែកឆេរករណីជួញដូរគ្រឿង ញៀន នៅចំណុចផ្ទះលេខ១១ ផ្លូវមង្គលA ភូមិតាព្រំ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ នុត កែវសាវរ៉ា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ។ បន្ទាប់ពីបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ នុត កែវសាវរ៉ា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់ខ្លនជនសង្ស័យចំនួនម្នាក់ទៀត ភេទប្រុស ជនជាតិខ្មែរ នៅចំណុចផ្លូវបេតុង ភូមិប្រការ សង្កាត់ព្រៃសរ ខណ្ឌដង្កោ។

វត្ថុតាងដកហូត៖ ថ្នាំញៀន ចំនួន ១០,៦១៧គ្រាប់ ប្រភេទកញ្ចប់រូបសេះ ពណ៌ក្រហម ចំនួន ០៩កញ្ចប់ (ប្រភេទ អ៉ិចស្តាស៊ី (MDMA) ពណ៌ផ្កាឈូក ចំនួន៤,000គ្រាប់, ប្រភេទ អ៉ិចស្តាស៊ី (MDMA) ពណ៌បៃតងខ្ចី ចំនួន៦,៦១៧គ្រាប់, ប្រភេទ អ៉ិចស្តាស៊ី (MDMA) ពណ៌ក្រហមរូបសេះ ចំនួន 0៩កញ្ចប់, ប្រភេទ អ៉ិចស្តាស៊ី (MDMA) ម្ស៉ៅម៉ដ្ឋ ពណ៌ទឹកសមុទ្រ ទម្ងន់១១២.១៥g, ប្រភេទមេតំហ្វេតាម៉ីន (Ice) ទម្ងន់២១៨.៧៥g, ជញ្ជីងសម្រាប់ថ្លឹង ចំនួន០១គ្រឿង, រថយន្ត ចំនួន០១គ្រឿង និងម៉ូតូ០១គ្រឿង ៕
អត្ថបទ៖ចតុមុខ
