អភិបាលខេត្ត Suphan Buri បាននិយាយថា មនុស្ស ២៣នាក់បានស្លាប់បន្ទាប់ពីការផ្ទុះនៅរោងចក្រកាំជ្រួចមួយកន្លែង នៅភាគកណ្តាលប្រទេសថៃកាលពីថ្ងៃពុធ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៧ ខែមករា ឆ្នាំ២០២៤។

រូបភាពដែលបានចែករំលែកដោយសេវាសង្គ្រោះក្នុងតំបន់ បានបង្ហាញឱ្យឃើញនូវកំទេចកំទីដែក រាយប៉ាយនៅលើដី និងមានផ្សែងខ្មៅយ៉ាងសន្ធោសន្ធៅ។

ការបំផ្ទុះបានកើតឡើងនៅម៉ោងប្រហែល ៣រសៀល ថ្ងៃទី១៧ ខែមករា នៅជិតទីប្រជុំជន Sala Khao ក្នុងខេត្ត Suphan Buri ភាគកណ្តាលប្រទេសថៃ។

លោក Nattapat Suwanpratep អភិបាលខេត្ត Suphan Buri បានប្រាប់ AFP ថា «យើងបានទទួលរបាយការណ៍ពីក្រុម EOD ថា មានអ្នកស្លាប់ចំនួន ២៣នាក់។ អំឡុងពេលកើតហេតុ ពុំ​មាន​ការ​បញ្ជាក់​ពីមូលហេតុដែល​អាច​បណ្តាល​ឱ្យ​មានការ​ផ្ទុះ​នេះ​ឡើយ ខណៈក្រុម​មន្ត្រី​កំពុង​ស៊ើប​អង្កេត​ កំពុងស្វែងរកមូលហេតុដែលអាច​បង្ក​ឲ្យ​មាន​ឧបទ្ទវហេតុ​នេះ។

លោក Nattapat ​បាន​បន្ត​ថា​ ៖ «​រោងចក្រ​នេះ​បាន​ដំណើរការ​ស្រប​ច្បាប់​ដោយ​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​។

ស្របពេលជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក Naiyawat Phademchid បានប្រាប់ឱ្យដឹងថា នាយករដ្ឋមន្ត្រី Srettha Thavisin បច្ចុប្បន្នកំពុងនៅប្រទេសស្វីស សម្រាប់វេទិកាសេដ្ឋកិច្ចពិភពលោក ហើយលោកបានទទួលដំណឹងដ៏ក្រៀមក្រំនេះរួចហើយ។ ថ្វីត្បិតលោកជាប់បំពេញភារកិច្ចនៅក្រៅប្រទេសយ៉ាងណាក៏ដោយ ក៏លោក Srettha Thavisin បានចេញសេចក្ដីថ្លែងការណ៍មួយ សម្ដែងការសោកស្ដាយចំពោះគ្រួសារអ្នកស្លាប់ តាមរយៈបណ្ដាញសង្គមរបស់លោកផងដែរ។ លោកក៏​បាន​បញ្ជា​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ថា​ តើ​ឧបទ្ទវហេតុ​នេះមាន​ដំណើរការ​ដោយ​ខុស​ច្បាប់ដែរ​ឬ​ទេ​ រួមទាំងបញ្ជា​មូលហេតុ​នៃ​ឧបទ្ទវហេតុ។

ទន្ទឹមនោះ មន្ត្រី​ប៉ូលិស​បាន​និយាយ​ថា តំបន់​ជុំវិញ​មិន​មាន​ការ​ខូច​ខាត​ទេ។ ប៉ូលីសបាននិយាយទៀតថា ក្រុម​មន្ត្រី​កំពុង​បិទ​តំបន់​ជុំវិញ​នោះ ហើយ​នឹង​ចាប់​ផ្តើម​កំណត់​អត្តសញ្ញាណ​សាកសព​នៅ​ពេល​ស្ថានការណ៍​មាន​ស្ថិរភាព ដោយ​មិន​បាន​បញ្ជាក់​លម្អិត​បន្ថែមពីអ្វី​ទៀត​ឡើយ៕

ប្រភព៖ CNA

Share.