មនុស្សយោងហោចណាស់ ១០នាក់បានស្លាប់ និង រាប់សិបនាក់ទៀតកំពុងជាប់នៅក្រោមគំនរបាក់ដីនៅឡើយ បន្ទាប់ពីគ្រោះរអិលបាក់ដីបានវាយប្រហារស្រុកមួយស្ថិត នៅតំបន់ព្រំដែនជួរភ្នំ ហិម៉ាឡាយ៉ាន (Himalayan) ភាគខាងជើងប្រទេសឥណ្ឌា។

នៅថ្ងៃព្រហស្បតិ៍ ទី ១២ ខែ សីហា ឆ្នាំ ២០២១នេះ សារព័ត៌មាន CNN បានចុះផ្សាយថា គ្រោះរអិលបាក់ដីនៅថ្ងៃពុធម្សិលម៉ិញនេះបានកើតឡើងនៅលើផ្លូវហាយវេយហ៍ (Highway) មួយដែលស្ថិតនៅក្នុងស្រុកគីនន័រ (Kinnaur) នៃរដ្ឋហ៊ីុម៉ាចាល់ ប្រាដេស (Himachal Pradesh)។

ផ្ទាំងថ្មភ្នំ បានបាក់រលំធ្លាក់ចំរថយន្តដឹកទំនិញរថយន្តក្រុង និងរថយន្តផ្សេងៗទៀត ដែលកំពុងធ្វើដំណើរនៅលើផ្លូវហាយវេនោះ ដែលបង្កឲ្យមនុស្សយ៉ាងហោចណាស់ ១០នាក់បានស្លាប់ ខណៈ ៥នាក់ទៀតបានជួយសង្រ្គោះទាន់ពេលវេលា ប៉ុន្តែមនុស្សប្រហែល ៣០នាក់ផ្សេងទៀត នៅជាប់នៅក្រោមគំនរបាក់ដី និង ផ្ទាំងថ្មនៅឡើយ។

ការិយាល័យលោកនាយករដ្ឋមន្ត្រីឥណ្ឌា ណារិនដ្រា មូឌី (Narendra Modi) និងផ្ដល់ប្រាក់ចំនួន ២សែនរូពី ស្មើនឹង ២,៦៩៦ដុល្លាអាមេរិក ដល់គ្រួសាររងគ្រោះដែលមានសមាជិកស្លាប់ និង ផ្ដល់ប្រាក់ចំនួន ៥ពាន់រូពី ស្មើនឹង ៦៧៤ដុល្លាអាមេរិក ដល់គ្រួសារអ្នករងរបួសក្នុងហេតុការណ៍បាក់ដីនេះ។ គ្រោះរអិលបាក់ដីដែលបានសម្លាប់មនុស្សជាច្រើនបានវាយប្រហារប្រទេសឥណ្ឌាខុសប្លែកពីធម្មតា ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះនៅអំឡុង រដូវខ្យល់មូសុង។

កាលពីខែមុន មនុស្សយ៉ាងហោចណាស់ ០៩នាក់ បានស្លាប់នៅក្នុងរដ្ឋហ៊ីុម៉ាចាល់ ប្រាដេស (Himachal Pradesh) ខណៈផ្ទាំងថ្ម បានធ្លាក់រលំចំរថយន្តរបស់ពួកគេ និងមនុស្ស ១៣៦នាក់ផ្សេងទៀត ក៏បានស្លាប់ផងដែរ ដោយសារគ្រោះរអិលបាក់ដីនៅក្នុងរដ្ឋមហារ៉ាស្ត្រា (Maharashtra) ភាគខាងលិចប្រទេសឥណ្ឌា។

គួរបញ្ជាក់ថា ប្រទេសឥណ្ឌាកាលពីពេលថ្មីៗនេះ បានរងគ្រោះដោយសារគ្រោះធម្មជាតិដោយសារទឹកជំនន់ និង គ្រោះរអិលបាក់ដី បានវាយប្រហារភូមិរាប់រយ និងបានបំផ្លាញផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗអស់ជាច្រើនផងដែរ៕

Telegram-Troryorng
Share.