វ៉ាស៊ីនតោន៖ មន្ទីរបញ្ចកោណបានឱ្យដឹងថា កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេស បានធ្វើការវាយប្រហារជាថ្មីក្នុងប្រទេសយេម៉ែន នៅថ្ងៃចន្ទ ដើមសប្ដាហ៍នេះ ដោយផ្តោតលើទីតាំងក្រោមដីរបស់ក្រុមហ៊ូទី Houthi ក៏ដូចជាប្រព័ន្ធឃ្លាំមើល និងមីស៊ីលដែលក្រុមសម្ព័ន្ធមិត្តអ៊ីរ៉ង់មួយនេះ អាចប្រើប្រាស់សម្រាប់ការវាយប្រហារលើតំបន់សមុទ្រក្រហម។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤។

នៅក្នុងការឆ្លើយតបចុងក្រោយនេះ កងកម្លាំងសហរដ្ឋអាមេរិក និងអង់គ្លេសបានធ្វើការវាយប្រហារលើទីតាំងចំនួន៨ផ្សេងគ្នា ក្នុងប្រទេសយេម៉ែន ដោយមានការគាំទ្រពីប្រទេសអូស្ត្រាលី បារ៉ែន កាណាដា និងហូឡង់ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមដែលបានចុះហត្ថលេខាដោយប្រទេសទាំង៦។

មន្ត្រីយោធាជាន់ខ្ពស់អាមេរិកម្នាក់ ដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះបានប្រាប់ថា គ្រាប់រំសេវប្រហែលពី ២៥ ទៅ ៣០គ្រាប់ត្រូវបានបាញ់ ដោយរួមមានទាំងយន្តហោះចម្បាំង ហោះចេញពីនាវាផ្ទុកយន្តហោះអាមេរិកផងដែរ។

មន្ត្រីអាមេរិករូបនេះ និយាយថា ការវាយប្រហារនេះបានធ្វើឱ្យសមត្ថភាពរបស់ក្រុម Houthis អន់ថយ ប៉ុន្តែរហូតមកដល់ពេលនេះ ក្រុមនេះបានបដិសេធមិនផ្តល់តួលេខជាក់លាក់ណាមួយទាក់ទងនឹងចំនួនមីស៊ីល រ៉ាដា យន្តហោះគ្មានមនុស្សបើក ឬសមត្ថភាពយោធាផ្សេងៗ ទៀតដែលត្រូវបានបំផ្លាញនោះឡើយ។

មន្រ្តីខាងលើបន្ថែមថា «យើងកំពុងទទួលបានផលដូចបំណង»។ ចំណែករដ្ឋមន្រ្តីការពារជាតិអង់គ្លេស លោក Grant Shapps បានបញ្ជាក់ថា «ចំណាត់ការនេះនឹងដោះស្រាយការខូចខាតចំពោះឃ្លាំងស្តុក និងលទ្ធភាពគំរាមកំហែងដល់ពាណិជ្ជកម្មពិភពលោក»។

ទាក់ទិននឹងបញ្ហានេះ ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយកាលពីសប្តាហ៍មុនថា ការវាយប្រហារតាមអាកាសនឹងបន្ត ទោះបីជាលោកទទួលស្គាល់ថា ពួកគេប្រហែលជាមិនបញ្ឈប់ការវាយប្រហារលើក្រុម Houthi ក៏ដោយ។

កាលពីសប្តាហ៍មុន ក្រុមឧទ្ទាម Houthis បានបាញ់បង្ហោះកាំជ្រួចមីស៊ីលប្រឆាំងនាវាចំនួន ២គ្រាប់ ទៅកាន់កប៉ាល់ដឹកប្រេងរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួស ឬខូចខាតនោះទេ។

គួររំលឹកថា ក្រុម Houthis ដែលគ្រប់គ្រងផ្នែកដែលមានប្រជាជនច្រើនជាងគេក្នុងប្រទេសយេម៉ែន បាននិយាយថា ការវាយប្រហាររបស់ពួកគេ ​​​​​​​​​​​គឺដើម្បីបង្ហាញសាមគ្គីភាពជាមួយប៉ាឡេស្ទីន នៅពេលដែលអ៉ីស្រាអែលវាយប្រហារតំបន់ហ្គាហ្សា។ ការវាយប្រហាររបស់ក្រុម Houthi បានរំខានដល់ការដឹកជញ្ជូនទូទាំងពិភពលោក និងបង្កការភ័យខ្លាចចំពោះអតិផរណាជាសកល ព្រមជាមួយនឹងការព្រួយបារម្ភនៃការរីករាលដាលសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាស អាចធ្វើឱ្យមជ្ឈិមបូព៌ាមានអស្ថិរភាព។

សូមជម្រាបថា ចាប់តាំងពីក្រុមឧទ្ទាម Houthis បានអុកឡុកច្រកសមុទ្រក្រហមមក កប៉ាល់កុងតឺន័របានផ្អាក ឬបង្វែរចេញពីសមុទ្រក្រហម ដែលឆ្ពោះទៅកាន់ព្រែកជីកស៊ុយអេ ដែលជាផ្លូវដឹកទំនិញលឿនបំផុតពីអាស៊ីទៅអឺរ៉ុប។ កប៉ាល់ជាច្រើនត្រូវបានបង្ខំឱ្យធ្វើដំណើរលើផ្លូវវែងឆ្ងាយជាងមុន តាមរយច្រក Cape of Good Hope ជំនួសវិញ៕

ប្រភព៖ CNA

Share.