យ៉ាងហោចណាស់មនុស្ស ៦នាក់បានស្លាប់នៅក្នុងការបាញ់ប្រហារដ៏ធំមួយនៅក្នុងតំបន់ ឃីហាំ (Keyham) នៃទីក្រុងភ្លីម៉ោស (Plymouth) ភាគនីរតីចក្រភពអង់គ្លេស។

ប៉ូលីសនៅក្នុងតំបន់ ឃីហាំ បានឲ្យដឹងថា អ្នកទាំង ៦នាក់ដែលបាត់បង់ជីវិតនៅកន្លែងកើតហេតុខាងលើរួមមាន ស្រ្តី២នាក់ បុរស៣នាក់ រូមទាំងជនសង្ស័យម្នាក់ផងដែរ ខណៈមនុស្សជាច្រើនទៀតបានរងរបួស ហើយក្នុងចំណោមអ្នកបាត់ជីវិតខាងលើមានក្មេងអាយុក្រោម ១០ឆ្នាំម្នាក់ផងដែរ។

ប៉ូលីសក្នុងតំបន់បានស្នើសុំកុំឲ្យប្រជាជនចែករំលែករូបភាពនៃកន្លែងកើតហេតុបង្ហោះក្នុងបណ្ដាញសង្គម។ ប៉ូលិសក្នុងតំបន់ឃីហាំបានសង្កត់ធ្ងន់ថា «ឧប្បត្តិហេតុដ៏សាហាវមួយនេះត្រូវបានប្រកាសថាជាករណីបាញ់ប្រហារទ្រង់ទ្រាយធំលើកដំបូងនៅក្នុងប្រទេសក្នុងរយៈពេល ១១ឆ្នាំចុងក្រោយ។ តំបន់នេះត្រូវបានបិទ ហើយកងកម្លាំងប៉ូលិសជឿជាក់ថា ស្ថានការណ៍នេះនឹងត្រូវបានគ្រប់គ្រង»។ ប៉ូលីសបានបន្ថែមថា ករណីបាញ់ប្រហារទ្រង់ទ្រាយធំនេះបានចាប់ផ្ដើមនៅម៉ោង ៦:១០នាទីល្ងាច ថ្ងៃព្រហស្បតិ៍ ហើយហេតុការណ៍នេះមិនពាក់ព័ន្ធនឹងអំពើភេវរកម្មឡើយ។ តែទោះជាយ៉ាងណាព័ត៌មានលម្អិតអំពីករណីនេះ នៅមិនទាន់មានភាពច្បាស់លាស់នៅឡើយ ខណៈដែលក្រុមប៉ូលីសបានប្រាប់ថាស្ថានការណ៍ទាំងមូលនៅតំបន់ភាគនិរតីចក្រភពអង់គ្លេសស្ថិតក្រោមគ្រប់គ្រងរបស់ក្រុមប៉ូលីសយ៉ាងណាក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅព្រឹកថ្ងៃសុក្រ ទី ១៣ ខែ សីហា ឆ្នាំ ២០២១។

គួរជម្រាបថា លោក ចននី មើរស៊ើរ (Johnny Mercer) ដែលជាសមាជិកសភាក្នុងតំបន់ បាននិយាយថា ការបាញ់ប្រហារនេះមិនមានពាក់ព័ន្ធនឹងភេរវកម្មឡើយ និងបានជំរុញប្រជាជនឲ្យ «រក្សាភាពស្ងប់ស្ងាត់» នៅពេលពួកគេរង់ចាំការធ្វើបច្ចុប្បន្នភាពពីកងកម្លាំងប៉ូលិស៕

ដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

Telegram-Troryorng
Share.