ម៉ានីល៖ កូនប្រុសរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានជំរុញឱ្យប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន លោក Ferdinand Marcos Jr លាលែងពីតំណែងកាលពីថ្ងៃអាទិត្យ ដោយហៅលោក Marcos ថា ជាមនុស្សខ្ជិល និងគ្មានមេត្តានៅក្នុងជម្លោះកាន់តែស៊ីជម្រៅរវាងគ្រួសារមានអំណាចនយោបាយទាំង២។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។

លោក Sebastian Duterte ដែលជាកូនប្រុសអតីតប្រធានាធិបតីកណ្ដាប់ដៃដែក និងជាអភិបាលក្រុង Davao ដែលទីក្រុងមានប្រជាជនច្រើនជាងគេលំដាប់ទី៣ របស់ប្រទេសហ្វីលីពីន បាននិយាយក្នុងវេទិកាថ្នាក់ដឹកនាំថា «មានការកើតឡើងវិញនៃឧក្រិដ្ឋកម្ម បន្ទាប់ពីយុទ្ធនាការដ៏ខ្លាំងក្លារបស់ឪពុកលោកត្រូវបានបន្ធូរបន្ថយ»។

នៅក្នុងវេទិកាថ្នាក់ដឹកនាំមួយនោះ លោក Sebastian ក៏បានចោទប្រកាន់លោក Marcos ពីបទបង្កគ្រោះថ្នាក់ដល់ប្រជាជនហ្វីលីពីនស្លូតត្រង់ ដោយអនុញ្ញាតឱ្យអាមេរិកចូលប្រទេស ដើម្បីឱ្យសហរដ្ឋអាមេរិកចូលទៅកាន់មូលដ្ឋានយោធា រួមទាំងនៅជិតកោះតៃវ៉ាន់ អាចនឹងមានគោលបំណងមិនល្អផងដែរ។ ខណៈលោក Duterte ធ្លាប់បានបង្រួបបង្រួមទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិន។

មិនតែប៉ុណ្ណោះលោក Sebastian Duterte ក៏បានប្រឆាំងនឹងការសម្រេចចិត្តរបស់លោក Marcos ក្នុងការចាប់ផ្តើមការចរចាសន្តិភាពឡើងវិញ ជាមួយពួកឧទ្ទាមកុម្មុយនិស្ត ដោយនិយាយថា លោក Marcos មិនបានដឹងអ្វីទាំងអស់អំពីការឈឺចាប់របស់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលធ្លាប់ជាមូលដ្ឋានរបស់ពួកឧទ្ទាម។ លោក Sebastian បាននិយាយថា «អ្នកខ្ជិលណាស់ ហើយអ្នកខ្វះក្តីមេត្តា»។

យ៉ាងណាក៏ដោយ ការិយាល័យរបស់ប្រធានាធិបតីរបស់លោក Marcos មិនបានឆ្លើយតបភ្លាមៗទេ ហើយរឿងនេះ កើតឡើងមុនពេលលោក Marcos ចូលរួមការជួបជុំ ដែលដឹកនាំដោយរដ្ឋាភិបាលក្នុងរដ្ឋធានីម៉ានីល ដើម្បីប្រមែប្រមូលការគាំទ្រសម្រាប់យុទ្ធនាការ «New Philippines» ឈានទៅរកការបោះឆ្នោតពាក់កណ្តាលអាណត្តិ និងការបោះឆ្នោតសភាឆ្នាំ២០២៥។

សូមជម្រាបថា លោក Marcos បានសហការគ្នាជាមួយកូនស្រីរបស់លោក Duterte ឈ្មោះ Sara ដោយឱ្យនាងធ្វើជាអនុប្រធានាធិបតីក្នុងការបោះឆ្នោតឆ្នាំ២០២២ របស់ពួកគេ។ ប៉ុន្តែក្រោយមក សម្ព័ន្ធភាពគ្រួសារទាំង២ បានប្រេះឆា ខណៈអ្នកកាន់អំណាចបានងាកចេញពីគោលនយោបាយប្រឆាំងគ្រឿងញៀន និងគោលនយោបាយបរទេសរបស់អ្នកកាន់តំណែង៕

ប្រភព៖ CNA

Share.