ក្រុងប៉េកាំង៖ ឆ្មាំសមុទ្រចិន បាននិយាយថា ខ្លួនបានធ្វើ «ការរៀបចំពិសេសជាបណ្ដោះអាសន្ន» ដើម្បីអនុញ្ញាតឱ្យហ្វីលីពីន ផ្តល់ការផ្គត់ផ្គង់ដល់កងទ័ពនៅលើនាវាសម័យសង្គ្រាមលោកលើកទី២ ដែលមានមូលដ្ឋាននៅតំបន់ថ្មប៉ប្រះទឹកដែលមានជម្លោះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤។
ឆ្មាំឆ្នេរសមុទ្រចិន កាលពីមុនបានដាក់ពង្រាយនាវា ដើម្បីរារាំងបេសកកម្មរបស់ហ្វីលីពីន ក្នុងផ្គត់ផ្គង់កងទ័ពនៅលើនាវាដឹកជញ្ជូនដែលបានក្លាយជាបន្ទាយយោធានៅឯតំបន់ថ្មីប៉ប្រះទឹក Second Thomas Shoal ដែលមានចម្ងាយ ១៩០គីឡូម៉ែត្រពីកោះ Palawan របស់ហ្វីលីពីន។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនកាលពីល្ងាចថ្ងៃសៅរ៍ ឆ្មាំសមុទ្រចិនបាននិយាយថា ខ្លួនបានអនុញ្ញាតឱ្យមានការផ្គត់ផ្គង់ចាំបាច់ ប៉ុន្តែក៏ថាខ្លួននឹងការពារយ៉ាងម៉ឺងម៉ាត់ចំពោះអធិបតេយ្យភាព និងសិទ្ធិដែនសមុទ្រ និងផលប្រយោជន៍របស់ចិននៅឯតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal និងដែនទឹកដែលនៅជិតនោះ។
សេចក្តីថ្លែងការណ៍របស់ WeChat បាននិយាយថា «កាលពីថ្ងៃទី២១ ខែមករា យន្តហោះខ្នាតតូចពីប្រទេសហ្វីលីពីន បានទម្លាក់ការផ្គត់ផ្គង់ដល់នាវាចម្បាំងដែលចូលឆ្នេរខុសច្បាប់»។
នៅក្នុងសារ WeChat កាលពីថ្ងៃសៅរ៍ បានឱ្យដឹងថា «ភាគីពាក់ព័ន្ធ» នៅក្នុងប្រទេសហ្វីលីពីន បានបំភាន់មតិអន្តរជាតិដោយចេតនា ហើយមិនអើពើនឹងការពិត ដោយមិនអំណោយផលដល់ការបន្ធូរបន្ថយភាពតានតឹងនៅសមុទ្រចិនខាងត្បូងនោះទេ។
ទាក់ទិនបញ្ហានេះ ឆ្មាំសមុទ្រចិនបានតាមដាន និងត្រួតពិនិត្យស្ថានការណ៍ក្នុងពេលវេលាជាក់ស្តែង ដើម្បីគ្រប់គ្រង និងដោះស្រាយដោយអនុលោមតាមច្បាប់ និងបទប្បញ្ញត្តិ ហើយបានរៀបចំពិសេសជាបណ្តោះអាសន្នសម្រាប់ហ្វីលីពីន ដើម្បីបំពេញការផ្គត់ផ្គង់ដល់កងទ័ពជាប្រចាំថ្ងៃ។
ប្រទេសចិន ដែលទាមទារអធិបតេយ្យភាពលើស្ទើរតែទាំងមូលលើសមុទ្រចិនខាងត្បូង បានចង្អុលបង្ហាញបន្ទាត់នៅលើផែនទីរបស់ខ្លួន ដែលកាត់ចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និងឥណ្ឌូនេស៊ី។ ខណៈខ្លួនបានអំពាវនាវម្តងហើយម្តងទៀត លើហ្វីលីពីនឱ្យអូសនាវាសម័យសង្រ្គាមលោកលើកទី២ ចេញជាបន្ទាន់ ដោយឈរលើមូលដ្ឋាននៃការសន្យាដែលខ្លួនបាននិយាយថា ទីក្រុងម៉ានីល បានធ្វើ ប៉ុន្តែប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr បានបដិសេធទៅវិញ៕