ទីក្រុងវ៉ាស៊ីនតោន៖ បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងដំឡើងពន្ធលើប្រទេសចិន ម្តងទៀត ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកជាថ្មី ក្នុងខែវិច្ឆិកា ខាងមុខនេះ​​ ហើយពន្ធទាំងនោះអាចត្រូវដំឡើងខ្បស់ជាង ៦០ភាគរយទៅទៀត។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី៥ ខែកុម្ភៈ ឆ្នាំ២០២៤។

លោក ត្រាំ បាននិយាយនៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអាទិត្យ (ទី 4 ខែកុម្ភៈ) ជាមួយកម្មវិធី Sunday Morning Futures របស់ទូរទស្សន៍ Fox News ថា «យើងត្រូវតែធ្វើវា នៅពេលដែលបានក្លាយជាប្រធានាធិបតីអាមេរិកម្ដងទៀត ដោយលោកអាចនឹងដំឡើងពន្ធច្រើនជាង ៦០ភាគរយទៅទៀត»។

លោក ត្រាំ គឺ​ជា​អ្នកទទួលបានការគាំទ្រច្រើនជាងគេក្នុងគណបក្សរបស់លោក ​ដើម្បី​ប្រជែង​នឹង​ប្រធានាធិបតីអាមេរិក​នៃ​គណបក្ស​ប្រជាធិបតេយ្យ ​លោក ចូ បៃដិន ក្នុង​ការ​បោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មី ​នៅ​ថ្ងៃ​ទី៥ ខែ​វិច្ឆិកា​ខាងមុខ នៅ​សហរដ្ឋ​អាមេរិក។ លោក ត្រាំ ក៏ជាអតីតប្រធានាធិបតីមួយរូប ដែលបានដំឡើងពន្ធលើទំនិញរបស់ចិន រាប់រយពាន់លានដុល្លារក្នុងឆ្នាំ២០១៨ និងឆ្នាំ២០១៩ ចំពេលមានសង្រ្គាមពាណិជ្ជកម្មដ៏ជូរចត់ រវាងប្រទេសមហាអំណាចសេដ្ឋកិច្ចធំជាងគេទាំង២៕

ប្រភព៖ CNA

Share.