ទីក្រុងម៉ានីល៖ រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន នាថ្ងៃចន្ទ (ទី៥ ខែកុម្ភៈ) បានប្តេជ្ញាថា នឹង «អនុវត្តយ៉ាងតឹងរ៉ឹង» នូវអធិបតេយ្យភាពរបស់ប្រទេស ដោយចូលរួមជាមួយក្រុមមន្ត្រីសន្តិសុខ ដែលសន្យាការពារប្រទេសជាតិ បន្ទាប់ពីការគំរាមកំហែងពីការបែកបាក់បែកគ្នា ដែលធ្វើឡើងដោយអតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte ។

កាលពីថ្ងៃទី៣០ ខែមករា លោក Duterte បានអំពាវនាវឱ្យមានឯករាជ្យភាពនៃកោះ Mindanao ដែលជាស្រុកកំណើតរបស់លោក នៅភាគខាងត្បូងប្រទេសហ្វីលីពីន ខណៈសម្ព័ន្ធភាពរបស់លោក ជាមួយប្រធានាធិបតីហ្វីលីពីនបច្ចុប្បន្ន គឺ លោក Ferdinand Marcos Jr បានឈានដល់ផ្លូវបែកបាក់គ្នា កាលពីសប្តាហ៍មុន ជុំវិញការខ្វែងគំនិតគ្នាក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ។

ទាក់ទិននឹងបញ្ហានេះ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Gilberto Teodoro បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «អាណត្តិរបស់ក្រសួងការពារជាតិ គឺធានានូវអធិបតេយ្យភាពរបស់រដ្ឋ និងបូរណភាពទឹកដីជាតិ ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ»។

លោក Teodoro ​បាន​បន្ថែម​ថា​ ៖ «​យើង​នឹង​អនុវត្ត​អាណត្តិ​នេះ​ យ៉ាង​តឹងរ៉ឹង​មិន​ថា​ខាង​ក្រៅ​ ឬ​ផ្ទៃក្នុង​ទេ​»​។ សុន្ទរកថារបស់លោក Teodoro បានបន្លឺឡើងនូវសេចក្តីថ្លែងការណ៍ស្រដៀងគ្នា ដែលធ្វើឡើងដោយទីប្រឹក្សាសន្តិសុខជាតិ ដែលកាលពីថ្ងៃអាទិត្យ បាននិយាយថា «រដ្ឋាភិបាលនឹងមិនស្ទាក់ស្ទើរក្នុងការប្រើប្រាស់សិទ្ធិអំណាច និងកងកម្លាំងរបស់ខ្លួន ដើម្បីបង្ក្រាប និងបញ្ឈប់ការប៉ុនប៉ងណាមួយដើម្បីផ្តាច់ខ្លួនពីសាធារណរដ្ឋ»។

ទន្ទឹមនោះ ប្រមុខកងកម្លាំងប្រដាប់អាវុធនៃប្រទេសហ្វីលីពីន (AFP) លោក Romeo Brawner បានក្រើនរំលឹកដល់កងទ័ព ខណៈទស្សនាជំរុំយោធាក្នុងទីក្រុង Mindanao កាលពីថ្ងៃអាទិត្យថា «យើងបានស្បថថា យើងនឹងធ្វើតាមខ្សែសង្វាក់បញ្ជាជានិច្ច ស្មោះត្រង់នឹងរដ្ឋធម្មនុញ្ញ និងអាជ្ញាធរដែលមានសមាសភាពត្រឹមត្រូវរបស់យើង»។

សូមជម្រាបថា លោក Duterte បានបង្កើតទំព័រប្រវត្តិសាស្ត្រ ដោយក្លាយជាប្រធានាធិបតីហ្វីលីពីនដំបូងគេ ដែលបានសាទរពីកោះ Mindanao ដែលសម្បូរទៅដោយធនធាន ដែលត្រូវបានញាំញីដោយអំពើហិង្សា និងជម្លោះអស់ជាច្រើនទសវត្សរ៍ នៅពេលដែលរដ្ឋាភិបាលបានប្រយុទ្ធជាមួយពួកបះបោរ និងក្រុមជ្រុលនិយម ដោយបង្កឱ្យមានភាព​ចលាចល​ បាន​បង្អាក់​ការ​វិនិយោគ និង​ធ្វើ​ឱ្យ​ភូមិ​ជា​ច្រើន​ធ្លាក់​ក្នុង​ភាព​ក្រីក្រ៕

ប្រភព៖ CNA

Share.