អាជ្ញាធរសុខាភិបាលចិន បានចេញសេចក្តីណែនាំថ្មី ដោយតម្រូវឱ្យមានការពាក់ម៉ាស់សម្រាប់សាធារណជនទូទាំងប្រទេស ខណៈដែលប្រទេសនេះប្រឈមមុខនឹងការផ្ទុះឡើង នៃជំងឺកូវីដ១៩ យ៉ាងអាក្រក់បំផុតក្នុង រយៈពេលជាង១ឆ្នាំ។

ការរីករាលដាលនៃជំងឺកូវីដ១៩ បម្លែងថ្មីប្រភេទ Delta បានឆ្លងរាលដាលពាសពេញខេត្តជាងពាក់កណ្ដាលរបស់ប្រទេសចិន ដែលធ្វើឲ្យអាជ្ញាធរមានការប្រុងប្រយ័ត្នខ្ពស់ជាមួយនឹងការទប់ស្កាត់ការឆ្លងរាលដាលយ៉ាងតឹងរឹងលើការធ្វើដំណើរ។ ការទប់ស្កាត់នេះ បានធ្វើឲ្យមានការប៉ះពាល់ដល់សេដ្ឋកិច្ច និង ការធ្វើដំណើររបស់ប្រជាជនទូទាំងប្រទេសរាប់សិបលាននាក់។

មុនពេលផ្ទុះការឆ្លងកើនឡើងសារជាថ្មី នៅក្នុងប្រទេសចិនបានវិលត្រឡប់មករកភាពធម្មតាវិញហើយ ដោយប្រជាជនទាំងអស់មានសេរីភាពក្នុងការរស់នៅលែងពាក់ម៉ាស់ គឺគ្រាន់តែអនុវត្តវិធានការគម្លាតសង្គមតែប៉ុណ្ណោះ។ 

ប៉ុន្តែស្រាប់តែថ្មីៗនេះ ករណីឆ្លងនៅតាមខេត្តមួយចំនួនមានការកើនឡើងវិញដោយសារតែវីរុសបំប្លែងថ្មី Delta ចាប់ផ្ដើមវាយលុកយ៉ាងគំហុក។ ថ្មីៗនេះ គណៈកម្មការសុខភាពជាតិចិនបានចេញសេចក្ដីណែនាំជាថ្មី ដោយតម្រូវឲ្យប្រជាជនទាំងអស់នាំគ្នាពាក់ម៉ាស់ឡើងវិញ មិនថាក្នុងផ្ទះ រឺ កន្លែងសាធារណៈផ្សេងៗជាដើម។

ការផ្ទុះឡើងជាបន្តបន្ទាប់បានចាប់ផ្ដើមកាលពីខែមុន នៅក្នុងទីក្រុងណានជីង ខេត្តជាំងស៊ូ ភាគខាងកើតប្រទេសចិន ដោយរកឃើញអ្នកធ្វើការក្នុងព្រលានយន្តហោះចំនួន ៩នាក់ វិជ្ជមានមេរោគបំប្លែងថ្មី។

កាលពីថ្ងៃសុក្រ កន្លងទៅនេះ គណៈកម្មការសុខភាពជាតិចិនបានប្រកាសថាប្រជាជនចំនួន ៧៧០ លាននាក់នៅក្នុងប្រទេសចិនបានទទួលការចាក់ថ្នាំបង្ការពេញលេញ ដែលស្មើនឹង ៥៥% នៃចំនួនប្រជាជនសរុបរបស់ខ្លួនគឺ ១,៤ ពាន់លាននាក់៕​

ប្រែសម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា

ប្រភព៖ CNN

Share.