រថយន្តហ្វ័តមួយគ្រឿងខណៈដែលកំពុងបត់ឆ្លងផ្លូវ ត្រូវបានរថយន្តដឹកឥដ្ឋជាន់ហ្វ្រាំងមិនទាន់ជ្រុលទៅបុកទទឹង បណ្តាលឲ្យរងខូចខាតអស់មួយចំហៀង កាលពីវេលាម៉ោង៧និង៥០នាទីព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ នៅតាមផ្លូវហាណូយ មុខពន្ធដារខណ្ឌសែនសុខ ចំណុចភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឲ្យដឹងថា មុនកើតហេតុ ភាគីខាងរថយន្តហ្វ័ត ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BF-2934 បើកបរដោយបុរសចំណាស់ម្នាក់ ពីជើងទៅត្បូង ដល់ចំណុចកើតហេតុ បត់ឆ្វេងឆ្លងផ្លូវ មិនទាន់ផុតផង ស្រាប់តែភាគីរថយន្តដឹកឥដ្ឋ កូរ៉េម៉ាក ហុីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-0284 បើកពីជើងទៅត្បូងស្របទិសគ្នា ជាន់ហ្វ្រាំងមិនជាប់ជ្រុលទៅបុកពីទទឹងរថយន្តហ្វ័ត បណ្តាលឲ្យរងខូចខាតខ្ទេចមួយចំហៀង ។

ក្រោយកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ និងវាសវែងដើម្បីយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌរងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖តាតុងពោធិ៍សែនជ័យ

Share.