ទីក្រុងបាងកក៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌នៃប្រទេសថៃ បាននិយាយនាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ នេះថា អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដែលជាប់ពន្ធនាគារនឹងត្រូវបានដោះលែងមុនកាលកំណត់ ប្រហែលជានឹងដោះលែងនៅចុងសប្តាហ៍នេះ គឺត្រឹមតែរយៈពេល ៦ខែប៉ុណ្ណោះ បន្ទាប់ពីវិលត្រឡប់ពីការនិរទេសខ្លួនឯងរយៈពេល១៥ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤។

មហាសេដ្ឋីដ៏ចម្រូងចម្រាសរូបនេះ ធ្លាប់បានជាប់ឆ្នោតជានាយករដ្ឋមន្ត្រីចំនួន ២អាណត្តិ ប៉ុន្ដែត្រូវបានទម្លាក់ចេញពីអំណាចដោយការធ្វើរដ្ឋប្រហារយោធាឆ្នាំ២០០៦ និងត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំ ពីបទប្រព្រឹត្តអំពើពុករលួយ និងការរំលោភបំពានអំណាចនៅក្នុងខែសីហា ប៉ុន្តែក្រោយមកត្រូវបានកាត់ទោសដោយព្រះមហាក្សត្រថៃ Maha Vajiralongkorn មកត្រឹម ១ឆ្នាំវិញ។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Tawee Sodsong បាននិយាយនាថ្ងៃអង្គារ ថា អតីតម្ចាស់ក្លឹប Manchester City អាយុ ៧៤ឆ្នាំរូបនេះ នឹងស្ថិតក្នុងចំណោមអ្នកទោស ៩៣០នាក់ ដែលត្រូវបានអនុញ្ញាតឱ្យដោះលែងមុនកាលកំណត់ ហើយទោសរបស់ពួកគេនឹងត្រូវបានព្យួរ។

លោក Tawee Sodsong បានប្រាប់អ្នកយកព័ត៌មានថា «លោក ថាក់ស៊ីន ស្ថិតនៅក្នុងចំណោមអ្នកទោស ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ឬមានអាយុលើសពី ៧០ឆ្នាំ ដែលនឹងត្រូវបានដោះលែងចេញពីពន្ធនាគារមុនកាលកំណត់»។

លោក ថាក់ស៊ីន បានជាប់ពន្ធនាគារកាលពីថ្ងៃទី២២ ខែសីហាឆ្នាំមុន ហើយប្រព័ន្ធផ្សព្វផ្សាយថៃបានរាយការណ៍ថា ការដោះលែងរបស់លោក អាចកើតឡើងនៅថ្ងៃណាមួយ ចាប់ពីថ្ងៃសៅរ៍ សប្ដាហ៍នេះ។

យ៉ាងណាម៉ិញ ការដោះលែងលោក ថាក់ស៊ីន មិនត្រូវបានបញ្ជាក់លម្អិតនោះទេ តែលោកអាចនឹងត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការតាមដាន ឬក៏មានការរឹតត្បិតលើសិទ្ធិធ្វើដំណើររបស់លោកផងដែរ។

សូមបញ្ជាក់ថា ការវិលត្រឡប់ចូលស្រុកវិញរបស់លោក ថាក់ស៉ីន គឺគាប់ជួនពេលគណបក្ស Pheu Thai ដែលមានលោកនៅពីក្រោយ បានឡើងកាន់អំណាចនៅប្រទេសថៃ ក្រោយចាប់ដៃគ្នាជាមួយក្រុមគណបក្ស ដែលគាំទ្រយោធា។ ភាពគាប់ជួននោះ ក៏បាននាំឱ្យមាន ពាក្យចចាមអារ៉ាមថា តាមពិតគឺមានកិច្ចព្រមព្រៀងក្រៅឆាក ដើម្បីជួយលោក ថាក់ស៉ីន ហើយការសង្ស័យក៏មានការជំរុញកាន់តែខ្លាំងទៀត នៅពេលព្រះមហាក្សត្រថៃ ស្រាប់តែសម្រេចព្រះទ័យ បន្ធូរបន្ថយទោសត្រូវជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំរបស់លោក ថាក់ស៉ីន មកនៅត្រឹម ១ឆ្នាំវិញនោះ៕

ប្រភព៖ CNA

Share.