ទីក្រុងឡុងដ៍៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយនៅក្នុងបទសម្ភាសន៍មួយ ដែលផ្សាយកាលពីថ្ងៃពុធ (ទី១៤ ខែកុម្ភៈ) ថា លោក ពេញចិត្តនឹងលោក ចូ បៃដិន ខ្លាំងជាងលោក ដូណាល់ ត្រាំ ប៉ុន្តែវិមានក្រឹមឡាំង បានត្រៀមខ្លួនរួចជាស្រេចក្នុងការធ្វើការជាមួយប្រធានាធិបតីអាមេរិករូបណាក៏ដោយ ដែលឈ្នះការបោះឆ្នោតនៅខែវិច្ឆិកា ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

នៅពេលសួរដោយអ្នកកាសែត Pavel Zarubin, ដែលរុស្ស៊ីចង់ឃើញការឈ្នះនៅក្នុងការប្រកួតប្រជែង ដែលទំនងរវាងអ្នកកំពុងកាន់តំណែងពីគណបក្សប្រជាធិបតេយ្យ និងបេក្ខជននាំមុខប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ គឺ​លោក ត្រាំ នោះ លោក ពូទីន បានឆ្លើយតបដោយមិនស្ទាក់ស្ទើរថា «លោក បៃដិន មានបទពិសោធន៍ច្រើនជាង ហើយលោក បានទាយថា លោក បៃដិន ជាអ្នកនយោបាយចាស់ទុំម្នាក់»។ លោក ពូទីន បានញញឹម និងបន្ថែមថា «យ៉ាងណាម៉ិញ រុស្ស៊ី នឹងធ្វើការជាមួយប្រធានាធិបតីអាមេរិករូបណាក៏បាន ឱ្យតែប្រជាជនអាមេរិកមានទំនុកចិត្តលើ»។

ពេលដែលមានភាពមិនច្បាស់លាស់ខាងនយោបាយជាន់ខ្ពស់នៅក្នុងសហរដ្ឋអាមេរិក និងជាមួយនឹងទំនាក់ទំនងរវាងប្រទេសទាំង២ ស្ថិតនៅចំណុចទាបបំផុតរអស់រយៈពេលជាង ៦០ឆ្នាំមកហើយនោះ យោបល់របស់លោក ពូទីន ទំនងជាត្រូវបានគេយល់ថា ជាការបង្កហេតុ ជាជាងការគិតពីតម្លៃចំពោះមុខ។

យ៉ាងណាក្ដី នេះជាលើកទីមួយហើយ ដែលលោក ពូទីន បានបញ្ចេញមតិជាសាធារណៈអំពីការប្រកួតប្រជែងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក ឆ្នាំ២០២៤ ដែលលោក បៃដិន និងលោក ត្រាំ ត្រូវបានគេរំពឹងថា នឹងប្រឈមមុខដាក់គ្នាជាលើកទី២ ជាបន្តបន្ទាប់។

ដោយឡែកងាកមកមើលការស្ទាបស្ទង់មតិរបស់សហរដ្ឋអាមេរិក បានបង្ហាញថា អ្នកបោះឆ្នោតមានការព្រួយបារម្ភយ៉ាងខ្លាំងអំពីអាយុរបស់លោក បៃដិន ដែលនឹងឈានចូលវ័យ ៨២ឆ្នាំ បូករួមនឹងបញ្ហាសុខភាពផង។

ទាក់ទិននឹងបញ្ហានេះ សេតវិមានត្រូវបានបង្ខំឱ្យការពារយ៉ាងម៉ត់ចត់អំពីសមត្ថភាពរបស់ប្រធានាធិបតីកាលពីសប្ដាហ៍មុន បន្ទាប់ពីរបាយការណ៍រដ្ឋអាជ្ញាពិសេសមួយដែលបានហៅ លោក បៃដិន ថា បុរសវ័យចំណាស់ដែលមានការចងចាំខ្សោយ។

គួររំលឹកថា លោក បៃដិន បានដឹកនាំបណ្ដាប្រទេសលោកខាងលិចមួយចំនួន ឱ្យមានការប្រឆាំង ឬ ដាក់ទណ្ឌកម្មលើរុស្ស៊ី ចំពោះការឈ្លានពានអ៊ុយក្រែន កាលពីឆ្នាំ២០២២ ដោយបានផ្ដល់ជំនួយ និងអាវុធមួយចំនួនដែលមានតម្លៃរាប់ពាន់លានដុល្លារដល់ទីក្រុងកៀវផងដែរ៕

ប្រភព៖ CNA

Share.