អង្គការសហប្រជាជាតិ៖ សហរដ្ឋអាមេរិក បានវេតូដំណោះស្រាយមួយរបស់ក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិ ដែលអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅតំបន់ហ្គាហ្សា។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNN នាថ្ងៃពុធ ទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។
សហរដ្ឋអាមេរិក បានបង្ហាញពីចេតនារបស់ខ្លួនក្នុងការវេតូដំណោះស្រាយរបស់ប្រទេសអាល់ហ្សេរី ប៉ុន្តែបានបង្កើនការរិះគន់កាន់តែខ្លាំងឡើងលើការប្រព្រឹត្តរបស់អ៊ីស្រាអែលនៅតំបន់ហ្គាហ្សា ហើយកាលពីថ្ងៃចន្ទ សប្ដាហ៍នេះ បានស្នើសេចក្តីព្រាងដំណោះស្រាយក្រុមប្រឹក្សាសន្តិសុខរបស់ខ្លួនដែលជាលើកដំបូងអំពាវនាវឱ្យមាន «បទឈប់បាញ់» នៅក្នុងជម្លោះរវាងអ៉ីស្រាអែល-ក្រុមហាម៉ាស។ វាក៏បានព្រមានអ៊ីស្រាអែល ពីការបើកការវាយលុកចូលទីក្រុង Rafah នៅភាគខាងត្បូងតំបន់ Gaza ផងដែរ។
ផ្ដោតលើកិច្ចខិតខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក អេហ្ស៊ីប និងបណ្ដាប្រទេសដទៃទៀតក្នុងការសម្រុះសម្រួលផ្អាកការប្រយុទ្ធគ្នា ជាថ្នូនឹងការដោះលែងចំណាប់ខ្មាំង ដែលស្ថិតក្នុងដៃក្រុមហាម៉ាស លោកស្រី Linda Thomas-Greenfield ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ បានប្រាប់ក្រុមប្រឹក្សាសន្តិសុខថា ដំណោះស្រាយដែលស្នើឡើងដោយអាល់ហ្សេរី នឹងជះឥទ្ធិពលអវិជ្ជមានដល់ការចរចាទាំងនោះដែលកំពុងបន្តនៅក្នុងតំបន់។
លោកស្រី បន្ដថា សហរដ្ឋអាមេរិក នឹងដាក់ឯកសារព្រាងរបស់ខ្លួនផ្ទាល់តែម្ដង ដែលនឹងអំពាវនាវឱ្យមានបទឈប់បាញ់ជាបណ្ដោះអាសន្ន ភ្ជាប់ទៅនឹងការដោះលែងចំណាប់ខ្មាំងទាំងអស់។
លោកស្រី Linda បាននិយាយបន្ទាប់ពីការបោះឆ្នោតថា ការបន្ដបោះឆ្នោតនៅថ្ងៃនេះ គឺជាការចង់បាន និងការមិនទទួលខុសត្រូវ។
សូមបញ្ជាក់ថា នេះគឺជាលើកទី៤ ហើយ ដែលសហរដ្ឋអាមេរិកវេតូលើសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្ដិសុខស្ដីពីតំបន់ហ្គាហ្សា ចាប់តាំងពីការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហាម៉ាស នៅតំបន់ហ្គាហ្សា។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលប៉ាឡេស្ទីន ចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជនស៊ីវិលនៅតំបន់ហ្គាហ្សា ច្រើនជាង ២៩,០០០នាក់ បានស្លាប់ និងមនុស្សជាង ៦ម៉ឺននាក់រងរបួស៕