ក្រុមតាលីបង់បានប្ដូរយុទ្ធសាស្រ្តមកទីក្រុងកាប៊ុលវិញ បន្ទាប់ពីលោកប្រធានាធិបតីអាហ្វហ្កានីស្ថាន ភៀសខ្លួនចេញពីប្រទេសតាមរយៈយន្ដហោះពិសេសកាលពីល្ងាចថ្ងៃអាទិត្យ។ ជ័យជ​ម្នះនេះ គឺជាមហិ្ឆតាដ៏ធំធេងរបស់ក្រុមឧទ្ទាមតាលីបង់ ព្រោះពេលនេះបានឈ្នះសង្រ្គាម និង គ្រប់គ្រងប្រទេសបានទាំងស្រុង រួមទាំងត្រៀមបង្កើតរដ្ឋឥស្លាមថ្មីផងដែរ។

ថ្វីត្បិតក្រុមឧទ្ទាមមួយនេះបានគ្រប់គ្រងវិមានប្រធានាធិបតីអាហ្វហ្កានីស្ថានបានទាំងស្រុងក៏ដោយ ប៉ុន្ដែរដ្ឋាភិបាលទីក្រុងកាប៊ុលនៅមិនទាន់ទទួលស្គាល់នៅឡើយទេ ទោះបីក្រុមនេះបានប្រកាសយ៉ាងច្បាស់ការថា សង្គ្រាមនៅអាហ្វហ្កានីស្ថានបានបញ្ចប់ហើយ ព្រោះប្រធានាធិបតី Mohammad​ Ashraf Ghani និង កងទ័ពអាមេរិកបានដកទ័ពចេញពីប្រទេសអស់ហើយនោះ។

លោកប្រធានាធិបតី ​Ashraf Ghani បានចាកចេញពីប្រទេសដោយបន្សល់ពាក្យយ៉ាងខ្លីថា ការភៀសខ្លួនរបស់លោកគឺដើម្បីចៀសវាងការបង្ហូរឈាមគ្នា។ យ៉ាងណាក៏ដោយ ជនជាតិអាហ្គានីស្ថានរាប់រយនាក់ ក៏បានរង់ចាំយ៉ាងកកុញក្នុង ព្រលានយន្តហោះអន្តរជាតិទីក្រុង កាប៊ុល ដើម្បីរង់ចាំភៀសខ្លួននៅក្នុងថ្ងៃជាមួយគ្នានោះដែរ។នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាព្រឹកថ្ងៃចន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១។

ជុំវិញព្រឹត្តិការណ៍ខាងលើនេះដែរ លោក ម៉ូហាំម៉ាត់ ណាអ៊ីម (Mohammad Naeem) អ្នកនាំពាក្យនៃការិយាល័យនយោបាយក្រុមតាលីបង់ បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP យ៉ាងដូច្នេះថា «ថ្ងៃនេះគឺជាថ្ងៃដ៏អស្ចារ្យសម្រាប់ប្រជាជនអាហ្វហ្គានីស្ថាន និងកងកម្លាំងប្រយុទ្ធរបស់យើង។ ពួកគេបានមើលយ៉ាងច្បាស់នូវផលដែលទទួលបាន មកពីការខិតខំប្រឹងប្រែង និងបូជារបស់ពួកគេអស់រយៈពេល ២០ឆ្នាំមកនេះ។ អរគុណព្រះជាម្ចាស់! សង្គ្រាមបានបញ្ចប់ហើយនៅក្នុងប្រទេសនេះ»

អ្នកនាំពាក្យខាងលើនេះ បានបន្តទៀតថា «របបដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាន នឹងត្រូវបង្កើតឡើងយ៉ាងច្បាស់លាស់ នាពេលឆាប់ៗខាងមុខ ហើយរដ្ឋាភិបាលតាលីបង់មិនចង់រស់នៅដោយឯកោនោះឡើយ ដោយយើងនឹងអំពាវនាវឲ្យមានទំនាក់ទំនង ជាមួយអន្តរជាតិប្រកបដោយសន្តិភាព។ យើងបានទាមទារយកមកវិញ នូវអ្វីដែលយើងចង់បាន នោះគឺសេរីភាពនៃប្រទេសរបស់យើង និងឯករាជ្យភាពនៃប្រជាជន។ យើងនឹងមិនអនុញ្ញាតឲ្យនរណាម្នាក់ ប្រើប្រាស់ទឹកដីរបស់យើង ដើម្បីគំរាមកំហែងអ្នកផ្សេងទៀតឡើយ ហើយយើងក៏មិនចង់បង្កការគំរាមកំហែង ចំពោះនរណាម្នាក់នោះដែរ»

សម្រាប់សហរដ្ឋអាមេរិកវិញបានបង្ហើបនៅព្រឹកថ្ងៃចន្ទនេះដែរថា បុគ្គលិកទូតស្ទើរតែទាំងអស់ទៅហើយ ក្នុងនោះរួមទាំងអគ្គរដ្ឋទូតប្រចាំនៅអាហ្វហ្គានីស្ថាន លោក រ៉ូស វីលសុន (Ross Wilson)  ក៏ត្រូវបានជម្លៀសចេញពីប្រទេសនេះ ខណៈទង់ជាតិអាមេរិក ក៏ត្រូវបានដកចេញពីស្ថានទូតរួចរាល់ផងដែរ។

គួរបញ្ជាក់ឡើងវិញថា ក្រោយការភៀសខ្លួនចេញពីទីក្រុងកាប៊ុល លោកប្រធានាធិបតី អាស្រាហ្វ ហ្គានី បានបង្ហោះសារលើទំព័រ Facebook របស់លោកថា «ខ្ញុំបានចាកចេញពីប្រទេសព្រោះតែមិនចង់បង្កឲ្យមានការប៉ះទង្គិច ជាមួយក្រុមតាលីបង់ ដែលនឹងធ្វើឲ្យប្រជាជនរាប់លាននាក់ រស់នៅទីក្រុងកាប៊ុលជួបគ្រោះថ្នាក់»

យ៉ាងណាក៏ដោយ គេនៅមិនទាន់ច្បាស់ថា តើលោក អាស្រាហ្វ ហ្គានី បានភៀសខ្លួនទៅកាន់ទីណា ឬប្រទេសណានោះឡើយ ប៉ុន្តែនៅមុននេះ សារព័ត៌មានបរទេសបានចុះផ្សាយថា លោកបានភៀសខ្លួនទៅកាន់ប្រទេសតាហ្ស៊ីគីស្ថាន ហើយបើតាមក្រសួងការបរទេសរុស្ស៊ី លោក ហ្គានី ប្រហែលជាអាចភៀសខ្លួន តាមយន្ដហោះមួយគ្រឿងរបស់សហរដ្ឋអាមេរិក។

លោក ហ្គានី ក៏មិនបាននិយាយពីរបៀបនៃការផ្ទេរអំណាច ឬក៏ការចាត់ចែងផ្ទៃក្នុងយ៉ាងណាទៀតនោះដែរ ដោយអ្វីៗគ្រប់យ៉ាង គឺទំនងជានឹងត្រូវរង់ចាំការចាត់ចែង ដោយក្រុមតាលីបង់ទាំងអស់ ព្រោះពេលនេះបេះដូងធំបំផុតរបស់អាហ្វហ្គានីស្ថាន គឺរដ្ឋធានីកាប៊ុល បានធ្លាក់ចូលក្នុងកណ្តាប់ដៃតាលីបង់ទាំងស្រុងទៅហើយ។

បន្ថែមពីនេះ មេបញ្ជាការក្រុមតាលីបង់ និងកងកម្លាំងប្រដាប់អាវុធឯទៀត កំពុងគ្រប់គ្រងនៅវិមានប្រធានាធិបតី ហើយបានបង្ហូតទង់ជាតិក្រុមរបស់ខ្លូនឡើងទៅជំនួសវិញ៕

Telegram-Troryorng
Share.