ទីក្រុងញូវយ៉ក៖ អាជ្ញាធរសហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃពុធ បាននិយាយថា ពួកគេបានចោទប្រកាន់ប្រឆាំងមេក្រុមយ៉ាគូហ្សាម្នាក់ ពាក់ព័ន្ធការយកធាតុផ្សំផលិតអាវុធនុយក្លេអ៊ែរ ដែលមានប្រភពមកពីប្រទេសមីយ៉ាន់ម៉ា ទៅលក់ឱ្យជនជាតិអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

យោងតាមការចោទប្រកាន់នៅក្នុងតុលាការ Manhattan មេដឹកនាំនៅក្នុងក្រុមឧក្រិដ្ឋកម្មឆ្លងដែនយ៉ាគូហ្សា លោក Takeshi Ebisawa និងដៃគូ ត្រូវបានចោទប្រកាន់កាលពីខែមេសា ឆ្នាំ២០២២ ពីបទជួញដូរគ្រឿងញៀន និងបទល្មើសអាវុធ ហើយអ្នកទាំង២ត្រូវបានឃុំខ្លួន។

យោងតាមរដ្ឋអាជ្ញានៅសង្កាត់ភាគខាងត្បូងទីក្រុងញ៉ូវយ៉ក លោក Ebisawa បានទាក់ទងជាមួយឧត្ដមសេនីយ៍អ៉ីរ៉ង់មួយរូបនៅដើមឆ្នាំ២០២០ ដើម្បីលក់ធាតុផ្សំផលិតអាវុធនុយក្លេអ៊ែរជាថ្នូរនឹងការទិញអាវុធសម្រាប់ក្រុមបះបោរជនជាតិភាគតិចនៅមីយ៉ាន់ម៉ា។ ប៉ុន្ដែឧត្តមសេនីយ៍អ៉ីរ៉ងរូបនោះ តាមពិតគឺជាភ្នាក់ងារសម្ងាត់របស់ទីភ្នាក់ងារគ្រឿងញៀនសហរដ្ឋអាមេរិក (DEA)។

យោងតាមអ្នកគ្រប់គ្រង DEA លោក Ebisawa បានទាក់ទងគាត់លក់សារធាតុអ៊ុយរ៉ាញ៉ូម និងប្លាតូនីញ៉ូម ដោយគិតថា អ៉ីរ៉ង់នឹងប្រើប្រាស់វាសម្រាប់ផលិតអាវុធនុយក្លេអ៊ែរ។

ក្នុងអំឡុងសន្និសីទវីដេអូ កាលពីខែកុម្ភៈ ឆ្នាំ២០២២ អ្នករួមគំនិតជាមួយ Ebisawa និយាយថា ពួកគេមានសារធាតុ ថូរៀម ជាង២តោន និងអ៊ុយរ៉ាញ៉ូម «នំលឿង» ជាង១០០គីឡូក្រាម ដោយសមល្មមអាចផលិតសារធាតុនុយក្លេអ៊ែរបានដល់ទៅ៥តោន នៅក្នុងប្រទេសមីយ៉ាន់ម៉ា។

ប្រហែលមួយសប្តាហ៍ក្រោយមក Ebisawa និងមនុស្ស២នាក់ទៀត បានជួបជាមួយភ្នាក់ងារ DEA ហើយបង្ហាញគាត់នូវធុងជ័រចំនួន២ ដែលធុងនីមួយៗសុទ្ធតែម្សៅពណ៌លឿង។

ពេលនោះ អាជ្ញាធរថៃ បានរឹបអូសយកធុងទាំងនោះ ហើយបញ្ជូនទៅសហរដ្ឋអាមេរិកដើម្បីធ្វើការវិភាគ ដែលកំណត់ថាធុងទាំង២ មានផ្ទុកនូវបរិមាណអ៊ុយរ៉ាញ៉ូម ថូរៀម និងប្លាតូនីញ៉ូម។

ប្រសិនបើត្រូវបានកាត់ទោសពិតមែន លោក Ebisawa ត្រូវប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់៣០ឆ្នាំសម្រាប់ការជួញដូរនុយក្លេអ៊ែរ និងការចោទប្រកាន់ពីបទសមគំនិត ប៉ុន្តែត្រូវជាប់គុកមួយជីវិត ពីបទសមគំនិតក្នុងការជួញដូរគ្រឿងញៀននិងសមគំនិតក្នុងការកាន់កាប់អាវុធ រួមទាំងកាំភ្លើងយន្តផងដែរ៕

ប្រភព៖ CNA

Share.