ព្រឹត្តិការណ៍ Europe Trials ដែលជាការចូលរួមហ្វឹកហាត់និងប្រកួតធ្វើតេស្តបច្ចេកទេសដោយគ្រូបង្វឹកខ្មែរនិងបរទេស លើកីឡាករនិងកីឡាការិនី ចន្លោះអាយុ១០ដល់១៩ឆ្នាំប្រមាណជាជិត៣០០នាក់ បានបញ្ចប់ដោយជោគជ័យនិងលើសពីការរំពឹងទុក។
តាមគម្រោងការជ្រើសរើសគឺយកកីឡាករ Top Talent ចំនួន១០រូប ប៉ុន្តែដោយសង្កេតឃើញពីទេពកោសល្យរបស់កីឡាករៗ លោក Joel Arron រួមទាំងគ្រូបង្វឹកខ្មែរនិងបរទេស សហការជាមួយគណៈកម្មការរៀបចំការប្រកួត បានសម្រេចជ្រើសរើសកីឡាករឆ្នើម (Top Talent) ប្រចាំព្រឹត្តិការណ៍រហូតដល់២៥នាក់ឯណោះ។ ក្នុងចំណោម២៥នាក់នេះ មាន១៥នាក់ជាប់ក្នុង Top Talent នៃការទទួលឱកាសទៅសាកល្បងសមត្ថភាពនៅទ្វីបអឺរ៉ុប និង១០នាក់ទៀតជាប់ឈ្មោះហ្វឹកហាត់ដោយឥតគិតថ្លៃរយៈពេល៣ខែជាមួយក្លិបបាល់ទាត់ Mate Jr។
ព្រឹត្តិការណ៍ Europe Trials នេះធ្វើឡើងពេញមួយថ្ងៃ គឺនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ លើទីលានបាល់ទាត់ក្នុងរាជធានីភ្នំពេញ ដោយមានក្រុមចូលរួមប្រកួតក្នុងឈុត U10, U12, U13, U14, U16, U19 និងក្រុមនារី។
អត្ថបទពាក់ព័ន្ធ៖កីឡាករ-កីឡាការិនីជិត៣០០នាក់ចូលរួមក្នុងព្រឹត្តិការណ៍ Europe Trials នៅទីលានវិទ្យាល័យច្បារអំពៅ
លោក Joel Arron អ្នកជំនាញបាល់ទាត់មកពីប្រទេសអាល្លឺម៉ង់ បានវាយតម្លៃថា ឆ្លងកាត់ការសង្កេតឃើញការបង្ហាញសមត្ថភាពលើទីលានតាំងពីហ្វឹកហាត់ មកដល់ប្រកួត លោកសង្កេតមើលការប្រកួតជាក្រុមរបស់ពួកគេ ប៉ុន្តែផ្ដោតលើការបញ្ចេញសមត្ថភាពជាឯកត្តជន ទើបអាចជ្រើសរើសចេញជា Top Talent បាន។
បុរសជនជាតិអាល្លឺម៉ង់ ខាងលើបានបន្ថែមថាក្នុងករណីកីឡាករ Top Talent មានការយល់ព្រមពីអាណាព្យាបាលទៅហ្វឹកហាត់នៅអឺរ៉ុប នោះគេនឹងទទួលបានឱកាសហ្វឹកហាត់បាល់ទាត់ផង និងបណ្តុះបណ្តាលពីការរស់នៅក្នុងសង្គមផង៕