កីឡាករ​និង​កីឡា​ការិនី ចន្លោះ​អាយុ​១០​ដល់​១៩​ឆ្នាំ​ប្រមាណ​​ជា​ជិត​៣០០​នាក់ បាន​ចូលរួម​ហ្វឹកហាត់​និង​ប្រកួត​ធ្វើតេស្ត​បច្ចេកទេស​ក្នុង​ព្រឹត្តិការណ៍ Europe Trials ដែល​រៀបចំ​​ពេញ​មួយ​ថ្ងៃ គឺ​នៅ​ថ្ងៃ​អាទិត្យ ទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ លើ​ទីលាន​បាល់ទាត់​ក្នុង​រាជធានី​ភ្នំពេញ។

បើ​តាម​គណៈកម្មការ​រៀបចំ​ការប្រកួត​​ក្រុម​ចូលរួម​ប្រកួត​នេះ​មាន​ឈុត U10, U12, U13, U14, U16, U19 និង​ក្រុម​នារី ដោយ​មាន​លោក Joel Arron និង​គ្រូ​បង្វឹក​ខ្មែរ​និង​បរទេស ចូលរួម​វាយ​តម្លៃ ជ្រើសរើស​រក​កីឡាករ​ឆ្នើម (Top Talent) ប្រចាំ​ព្រឹត្តិការណ៍​តែ​ម្តង។

លោក អ៊ូ ម៉ៅ នាយករង​ទទួល​បន្ទុក​រួម​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ច្បារអំពៅ បាន​លើក​ឡើង​ថា​ព្រឹត្តិការណ៍ Europe Trials ជា​សកម្មភាព​ល្អ​មួយ ជួយ​លើក​ស្ទួយ​វិស័យ​កីឡា​ក្នុង​ប្រទេស ដោយ​បាន​ជ្រើសរើស​ប្អូនៗ​មក​ពី​តាម​សាលា​រដ្ឋ ​ឯកជន និង​បណ្តា​អង្គការ នានា។ លោក​ថា​នេះ​ជា​ផ្នែក​នៃ​ការ​បណ្ដុះ​​ថ្នាល​យុវជន​ ជំរុញ​ឱ្យ​ប្អូនៗ​កុមារ​បង្ហាញ​សមត្ថភាព​របស់​ខ្លួន​លើ​ទីលាន​បាល់ទាត់ មាន​ភាព​រឹងមាំ បាន​ស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​​ និង​មាន​សាមគ្គី​គ្នា។

អ៊ូ ម៉ៅ នាយករង​ទទួល​បន្ទុក​រួម​នៃ​វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន ច្បារអំពៅ

បើ​តាម​លោក Alex Lim Eng Keat នាយក​​នាយកដ្ឋាន​ទំនាក់ទំនង​សាជីវកម្ម និងទីផ្សារ របស់​ធនាគារ​ព្រីនស៍ បាន​​លើក​ឡើង​ថា​​ ចំពោះ​កត្តា​សង្គម​ ធនាគារ​របស់​លោក បាន​ចាត់​ទុក​វិស័យ​កីឡា​ជា​រឿង​ចម្បង​មួយ​។ ជាក់​ស្តែង​ធនាគារ​ក៏​​ធ្លាប់​បាន​ចូលរួម​ឧបត្ថម្ភ​ដល់​កីឡា​ការិនី បូ សំណាង ផ្នែក​អត្តពលិកកម្ម ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី៣២ ដែល​កម្ពុជា ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ឆ្នាំ​២០២៣ ថ្មីៗនេះ។ លោក​បាន​ជូនពរ​ប្អូនៗ​អោយ​ទទួល​បាន​ជោគជ័យ និង​ខិតខំ​ប្រឹងប្រែង​អោយ​អស់​ពី​សមត្ថភាព​របស់​ខ្លួន។

​លោក Alex Lim Eng Keat នាយក​​នាយកដ្ឋាន​ទំនាក់ទំនង​សាជីវកម្ម និងទីផ្សារ របស់​ធនាគារ​ព្រីនស៍

ស្ថាបនិក​ក្លឹបបាល់ទាត់ Mate Jr ម៉ាក សុទ្ធាពិសិដ្ឋ បាន​ថ្លែង​អំណរគុណ​ដល់​មិត្តភក្តិ​កីឡាករ​កីឡា​ការិនី លោកគ្រូ​អ្នកគ្រូ គណៈកម្មការ​រៀបចំ​ការ​ប្រកួត ក្រុមហ៊ុន​ឧបត្ថម្ភ អាណាព្យាបាល ​រួម​គ្នា​ជា​ផ្នែក​នៃ​​ព្រឹត្តិការណ៍​នេះ ដែល​ផ្តល់​ឱកាស​បង្ហាញ​សមត្ថភាព​និង​ទេពកោសល្យ​ដល់​គ្រូ​បង្វឹក​បាន​ឃើញ។ «ពួក​យើង​ត្រូវ​ប្រឹងប្រែង​អោយ​អស់​ពី​សមត្ថភាព ដោយ​បញ្ចេញ​នូវ​សក្តានុភាព​របស់​យើង ដើម្បី​សម្រេច​បាន​លទ្ធផល​កាន់​តែ​ច្រើន​ក្នុង​ជីវិត»។ ពិសិដ្ឋ បន្ថែម។

ម៉ាក សុទ្ធាពិសិដ្ឋ ស្ថាបនិក​ក្លឹបបាល់ទាត់ Mate Jr

​​​​​ឆ្លងកាត់​ការ​ប្រកួត​ពេញ​មួយ​ថ្ងៃ​លោក Joel Arron រួម​ទាំង​គ្រូ​បង្វឹក​ខ្មែរ​និង​បរទេស នឹង​ជ្រើសរើស​យក​កីឡាករ​​កីឡា​ការិនី​ឆ្នើម (Top Talent) ចំនួន​១០នាក់ ដោយ​ចំរាញ់​ចេញ​ពី​ឈុត U10, U12, U13, U14, U16, U19 និង​ក្រុម​នារី ដែល​បាន​ចូលរួម ព្រម​ទាំង​ផ្ដល់​រង្វាន់​និង​មេដាយ​លើក​ទឹកចិត្ត​ទៀត​ផង៕

Share.