ទីក្រុងញូវយ៉ក៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃចន្ទ (២៦កុម្ភៈ)ថា ប្រសិនបើគ្មានជំនួយយោធាថ្មីពីសហរដ្ឋអាមេរិកទេ ប្រទេសរបស់លោកនឹងមិនអាចការពារការដឹកជញ្ជូនតាមសមុទ្រខ្មៅ ដែលជាច្រកផ្លូវនាំចេញគ្រាប់ធញ្ញជាតិរាប់លានតោន ពីទីក្រុងកៀវទៅកាន់ទីផ្សារពិភពលោកបាននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤។
អ៊ុយក្រែន បានបើកដំណើរការច្រករបៀងដឹកជញ្ជូននៅឆ្នេរសមុទ្រខ្មៅភាគខាងលិចរបស់ខ្លួន ក្បែរប្រទេសរូម៉ានី និងប៊ុលហ្គារី កាលពីខែសីហា ឆ្នាំមុន មួយខែបន្ទាប់ពីប្រទេសរុស្ស៊ី បានដកខ្លួនចេញពីកិច្ចព្រមព្រៀងដ៏សំខាន់មួយអស់រយៈពេលមួយឆ្នាំ ដែលផ្ដួចផ្ដើមឡើងដោយអង្គការសហប្រជាជាតិ និងតួកគី។
បើតាមការិយាល័យបរទេសរបស់ចក្រភពអង់គ្លេស បាននិយាយនៅខែនេះថា អ៊ុយក្រែននឹងអាចនាំចេញគ្រាប់ធញ្ញជាតិទាំងអស់ពីការប្រមូលផលឆ្នាំ២០២៣ របស់ខ្លួន បើទោះបីជាមានការវាយប្រហាររបស់រុស្ស៊ីលើកំពង់ផែ និងហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែនក៏ដោយ។
លោក ហ្សេលេនស្គី បានប្រាប់ CNN ក្នុងបទសម្ភាសន៍មួយដោយពិពណ៌នាពីការបង្កើតច្រករបៀងនៅសមុទ្រខ្មៅថាជា «ជោគជ័យដ៏ធំធេង» ដែលរហូតមកដល់ពេលនេះអនុញ្ញាតឱ្យមានការនាំចេញគ្រាប់ធញ្ញជាតិបានប្រមាណ ៣០លានតោន រួមទាំងផលិតផលកសិកម្មផ្សេងទៀត។
ប៉ុន្តែលោក ហ្សេលេនស្គី បានព្រមានថា «ប្រសិនបើសភាអាមេរិក មិនអនុម័តជំនួយសន្តិសុខថ្មីចំនួន ៦០ពាន់លានដុល្លារទេ នោះអនាគតនៃច្រករបៀងដឹកជញ្ជូននឹងស្ថិតក្នុងភាពស្រពិចស្រពិលមិនខាន»។
ទាក់ទិននឹងបញ្ហានេះ អង្គការសហប្រជាជាតិ បានស្តីបន្ទោសការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន កាលពី២ឆ្នាំមុន សម្រាប់ការធ្វើឱ្យមានវិបត្តិស្បៀងអាហារពិភពលោកកាន់តែអាក្រក់ទៅៗ ខណៈប្រទេសអ៊ុយក្រែន និងរុស្ស៊ី គឺជាអ្នកនាំចេញគ្រាប់ធញ្ញជាតិធំៗ លើពិភពលោកដូចគ្នា។ អង្គការសហប្រជាជាតិនិយាយថា មានការវាយប្រហាររាប់សិបលើកទៅលើកន្លែងផលិត និងនាំចេញគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែន ខណៈរុស្ស៊ីនិយាយថា ខ្លួនផ្តោតលើហេដ្ឋារចនាសម្ព័ន្ធយោធា មិនមែនហេដ្ឋារចនាសម្ព័ន្ធស៊ីវិលទេ៕