លោក Muhyiddin Yassin ត្រូវបន្តស្ថិតនៅជា នាយករដ្ឋមន្ត្រីចាំផ្ទះ រហូតដល់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីថ្មី ត្រូវបានជ្រើសតាំង នេះបើតាមការឲ្យដឹងពិសារព័ត៌មាន CNA នៅថ្ងៃទី ១៦ ខែ សីហា ឆ្នាំ ២០២១។

ព្រះមហាក្សត្រម៉ាឡេស៊ី បានសម្រេចព្រះទ័យយល់ព្រមឲ្យ លោក មូហ៍យីដដីន យ៉ាស់ស៊ីន បន្ដកាន់តំណែងជានាយករដ្ឋមន្ត្រីចាំផ្ទះសិន ទោះបីជាលោក យ៉ាស់ស៊ីន លាលែងចេញពីតំណែងជាផ្លូវការក៏ដោយ។

យោងតាមសេចក្តីថ្លែងការណ៍ ពីព្រះបរមរាជវាំងម៉ាឡេស៊ីបានឲ្យដឹងថា ព្រះមហាក្សត្រ អាល់ ស៊ូលតង់ អាប់ឌុលឡោះ (Al-Sultan Abdullah) ទ្រង់បានសម្រេចព្រះទ័យយល់ព្រម ចំពោះការទូលសុំលាលែងចេញពីតំណែងជានាយករដ្ឋមន្ត្រី ពីលោក យ៉ាស់ស៊ីន ដោយមានសុពលភាពចាប់ពីថ្ងៃចន្ទសប្ដាហ៍នេះតទៅ។ ហើយលោក យ៉ាស់ស៊ីន ត្រូវបន្តធ្វើជានាយករដ្ឋមន្ត្រីបណ្ដោះអាសន្ន រហូតដល់មានការតែងតាំងនាយករដ្ឋមន្រ្តីម៉ាឡេស៊ីថ្មីជាផ្លូវការ។

ដោយគិតគូរអំពីសុវត្ថិភាពរបស់ប្រជាជន ការបោះឆ្នោតសកលនៅក្នុងអំឡុងពេល នៃការកើតមានជំងឺរាតត្បាតសកល COVID-19 នេះមិនមែនជាជម្រើសដ៏ល្អឡើយ។ ទោះជាយ៉ាងណាក្តី ការសម្រេចចិត្តប្រហែលជាត្រូវធ្លាក់ទៅ ក្នុងព្រះហស្ថរបស់ព្រះមហាក្សត្រម៉ាឡេស៊ី ព្រោះទ្រង់មានអំណាចអាចតែងតាំងនាយករដ្ឋមន្រ្តី ពីក្នុងចំណោមសមាជិកសភាបាន ដោយផ្អែកទៅលើអ្នកដែលទ្រង់យល់ថា ទំនងជាមានសំឡេងគាំទ្រភាគច្រើន។

គួរបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានឡើងកាន់អំណាចកាលពីខែ មីនា ឆ្នាំ ២០២០ ហើយបានសម្រេចលាលែងពីតំណែងដែលអនុម័តយល់ព្រមពីពព្រះមហាក្សត្រជាផ្លូវការកាលពីថ្ងៃទី ១៦ ខែ សីហា ឆ្នាំ​២០២១ ម្សិលម៉ិញ។ លោក យ៉ាសស៊ីន គឺជានាយករដ្ឋមន្រ្តីម៉ាឡេស៊ីដែលកាន់អំណាចបានខ្លីជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ៕

Telegram-Troryorng
Share.