ក្រោយប្រជាជនអាហ្វហ្កានីស្ថាន ៧នាក់ ធ្លាក់ពីលើយន្ដហោះដឹកអ្នកដំណើរនៅអាកាសយានដ្ឋានទីក្រុងកាប៊ុលនៅព្រឹកនេះរួច ក្រុមតាលីបង់បានចេញមុខមកបញ្ជាក់ថា ខ្លួនមិនរំខានការជម្លៀសប្រជាជននៅក្នុងព្រលានយន្ដហោះនោះទេ។

មេដឹកនាំជាន់ខ្ពស់របស់ក្រុមតាលីបង់បានយល់ព្រមមិនរំខានការជម្លៀសប្រជាជនអាហ្វហ្កានីស្ថានជាមួយប្រមុខបញ្ជាការកណ្ដាលអាមេរិក ដោយមិនជ្រៀតជ្រែកនៅក្នុងការជម្លៀសប្រជាជននោះទេក្រោយពេលដែលមានឧប្បត្តិវហេតុដ៏រន្ធត់មួយកើតឡើង។

នៅថ្ងៃ ១៧ ខែ សីហា ឆ្នាំ ២០២១នេះ ស្ថានការណ៍នៅអាកាសយានដ្ឋានអន្តរជាតិ ហាមីត កាហ្សាយ (Hamid Karzai) នៅទីក្រុងកាប៊ុលកាន់តែមានភាពចលាចលខណៈស្ថានទូតនានានៅក្នុងប្រទេសបានបិទទ្វារការបញ្ជូនបុគ្គលិកធ្វើដំណើរតាមអាកាសយានដ្ឋាន ដោយធ្វើឲ្យជនជាតិអាហ្វហ្កានីស្ថានរាប់ម៉ឺននាក់កំពុងអស់សង្ឃឹមក្នុងការចាក់ចេញពីប្រទេស។ ជាមួយគ្នាក្រុមតាលីបង់បានដើរប្រមូលអាវុធពីជនស៊ីវិលដែលកំពុងរស់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដោយក្រុមនេះបានប្រកាសថា ពួកគេនៅទីនេះ មិនមែនដើម្បីធ្វើបាបជនស៊ីវិលស្លូតត្រង់ឡើយ។

ពួកក្រុមតាលីបង់បានបន្តថា ពួកគេយល់ពីការរក្សាទុកអាវុធដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនប៉ុន្ដែឥលូវនេះប្រជាជនស្លូតត្រង់ដែលរស់នៅទីនេះនឹងលែងត្រូវការអាវុធដើម្បីការពារខ្លួនទៀតហើយ ហើយក្រុមតាលីបង់នឹងធានាសុវត្ថិភាពដល់ប្រជាជនស្លូតត្រង់ទាំងអស់ដែលជឿជាក់លើការគ្រប់គ្រងរបស់ក្រុមតាលីបង់។

ទោះជាមានការលើកឡើងពីការធានាសុវត្ថិភាពរបស់ក្រុមតាលីបង់យ៉ាងណាក៏ដោយ ក៏ប្រជាជនអាហ្វហ្កានីស្ថានមួយចំនួនធំបាននាំគ្នាសម្រុកចូលព្រលានយន្ដហោះដើម្បីចាកចេញពីប្រទេសនេះដដែល ដោយអ្នកខ្លះឡើងជិះលើយន្ដហោះ និង អ្នកខ្លះតោងកង់យន្ដហោះដើម្បីបានហោះចេញពីប្រទេស ខណៈមនុស្សជាច្រើននាក់ទៀតបានសម្រុកចូលក្នុងយន្ដហោះយ៉ាងណែន៕

ប្រភព៖ Aljazeera & CNN

Telegram-Troryorng
Share.