ទីក្រុងម៉ានីល៖ ឆ្មាំឆ្នេរសមុទ្រហ្វីលីពីនបាននិយាយថា នាវារបស់ខ្លួន ១គ្រឿងបានរងការខូចខាតនាថ្ងៃអង្គារនេះ នៅក្នុងការប៉ះទង្គិចគ្នាជាមួយនាវាឆ្មាំសមុទ្រចិន អំឡុងបេសកកម្មផ្គត់ផ្គង់ឡើងវិញដល់កងទ័ពហ្វីលីពីននៅលើប៉ុស្តិ៍ដាច់ស្រយាលមួយក្នុងសមុទ្រចិនខាងត្បូង។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន The Japan Times នាថ្ងៃអង្គារ ទី៥ ខែមីនា ឆ្នាំ២០២៤។

ឧបទ្ទវហេតុនេះ គឺជាឧបទ្ទវហេតុចុងក្រោយបង្អស់នៅក្នុងដែនទឹកជុំវិញតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ក្នុងប្រជុំកោះ Spratly ជាកន្លែងដែលប្រទេសនេះមានការប្រកួតប្រជែងទាមទារគ្រប់គ្រងដែនសមុទ្រ។

ឆ្មាំឆ្នេរសមុទ្រចិន និងនាវាផ្សេងទៀតបានធ្វើសមយុទ្ធដ៏គ្រោះថ្នាក់ និងការរារាំង ដែលនាំឱ្យមានការបុកប៉ះទង្គិចគ្នាបណ្តាលឱ្យនាវាឆ្មាំសមុទ្រហ្វីលីពីនរងការខូចខាតបន្ដិចបន្ទួច ។ បើតាមឆ្មាំសមុទ្រហ្វីលីពីន នាវា BRP Sindangan រួមជាមួយនឹងនាវាអមដំណើរមួយគ្រឿងទៀត ត្រូវបានគេដាក់ពង្រាយ ដើម្បីគាំទ្រដល់បេសកកម្មផ្គត់ផ្គង់ដល់កងកម្លាំងប្រដាប់អាវុធនៅតំបន់ថ្មប៉ប្រះទឹក Second Thomas Shoal ជាកន្លែងដែលកងទ័ពហ្វីលីពីន ឈរជើងនៅលើនាវាកងទ័ពជើងទឹកហ្វីលីពីន។

ដោយឡែកឆ្មាំឆ្នេរសមុទ្ររបស់ប្រទេសចិនបាននិយាយថា ខ្លួនបានចាត់វិធានការគ្រប់គ្រងប្រឆាំងនឹងការឈ្លានពានដោយខុសច្បាប់ របស់នាវាហ្វីលីពីននៅក្នុងដែនទឹកជុំវិញតំបន់ថ្មប៉ប្រះទឹក Ren’ai ក្នុងកោះ Nansha របស់ប្រទេសចិន។

ប្រទេសចិនទាមទារស្ទើរតែទាំងស្រុងនូវដែនទឹកសមុទ្រចិនខាងត្បូង ដោយបានច្រានចោលការទាមទារការប្រកួតប្រជែងពីប្រទេសមួយចំនួននៅតំបន់អាស៊ីអាគ្នេយ៍ និងសេចក្តីសម្រេចអន្តរជាតិដែលបានប្រកាសជំហររបស់ខ្លួនថាគ្មានមូលដ្ឋានច្បាស់លាស់។

ឧប្បត្តិហេតុនេះកើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក Enrique Manalo បានអំពាវនាវឱ្យចិន បញ្ឈប់ការយាយីហ្វីលីពីន ខណៈលោកបានការពារយុទ្ធសាស្ត្ររបស់ទីក្រុងម៉ានីល ក្នុងការផ្សព្វផ្សាយជាសាធារណៈនូវសមយុទ្ធរបស់ចិននៅសមុទ្រចិនខាងត្បូង។

ដោយឡែកប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos JR បាននិយាយនៅក្រៅកិច្ចប្រជុំកំពូលអាស៊ាននៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ថា «យើងនឹងមិនចុះចាញ់សូម្បីតែមួយអ៊ីញការ៉េ នៃទឹកដីរបស់យើង និងយុត្តាធិការដែនសមុទ្ររបស់យើង»។

ឧបទ្ទវហេតុ​បុក​គ្នា​នេះ​ ជា​ឧបទ្ទវហេតុ​លើក​ទី២ ​គិត​ចាប់​តាំង​ពី​ខែ​ធ្នូ ឆ្នាំ២០២៣ ដែល​នាវា​ចិន ​បាន​បំផ្ទុះ​កាណុង​បាញ់​ទឹក​លើនាវារបស់ហ្វីលីពីន ដោយអ្នកវិភាគ បាននិយាយនៅពេលនោះថា ការប្រឈមមុខដាក់គ្នាទាំងនោះមានភាពតានតឹងខ្លាំងបំផុតរវាងនាវាហ្វីលីពីន និងចិនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយព្យាករណ៍ថា នឹងមានការកើនឡើងនៃភាពតានតឹងបន្ថែមទៀត។

គួររំលឹកថា ទំនាក់ទំនងរវាងទីក្រុងម៉ានីល និងទីក្រុងប៉េកាំង បានបញ្ចប់ទៅវិញក្រោមការដឹកនាំរបស់លោក Marcos ដែលបានព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយសម្ព័ន្ធមិត្ត និងធ្វើឱ្យកិច្ចសហប្រតិបត្តិការការពារជាតិកាន់តែស៊ីជម្រៅនៅក្នុងតំបន់ ទន្ទឹមនឹងការរុញច្រានប្រឆាំងនឹងសកម្មភាពរបស់ចិន នៅសមុទ្រចិនខាងត្បូង ដែលទាំងនោះផ្ទុយពីវិធីសាស្រ្តរបស់អតីតប្រធានាធិបតីហ្វីលីពីន លោក Rodrigo Duterte បានធ្វើដែលបានទុកជម្លោះដែនសមុទ្រជាមួយទីក្រុងប៉េកាំង ជាថ្នូរនឹងការសន្យានៃការវិនិយោគរបស់ចិន៕

ប្រភព៖ The Japan Times

Share.