បាងកក៖ អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា បានទៅទស្សនាប្រាសាទនៅទីក្រុងបាងកក នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ក្នុងការបង្ហាញខ្លួនជាសាធារណៈលើកដំបូង ចាប់តាំងពីត្រូវបានដោះលែងឱ្យរួចពីពន្ធនាគារ ពីបទប្រព្រឹត្តអំពើពុករលួយ និងរំលោភអំណាច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៤ ខែមីនា ឆ្នាំ២០២៤។

មហាសេដ្ឋីដ៏ចម្រូងចម្រាស ដែលជាប់ឆ្នោតជានាយករដ្ឋមន្ត្រី ២ដងរូបនេះ បានទៅទស្សនាទីសក្ការៈបូជាសសរស្តម្ភទីក្រុងបាងកក មុនពេលធ្វើដំណើររយៈពេល ៣ថ្ងៃទៅកាន់ឈៀងម៉ៃ នៅភាគខាងជើងនៃព្រះរាជាណាចក្រថៃ ដែលជាទីកន្លែងកំណើតរបស់លោក ថាក់ស៊ីន ដើម្បីជួបសាច់ញាតិ និងជួបជាមួយអ្នកគាំទ្រលោកនៅទីនោះ ដំណើរទស្សនកិច្ចក្នុងស្រុកលើកដំបូងរបស់លោក ថាក់ស៊ីន មានការអមដំណើរដោយកូនស្រីរបស់លោក គឺលោកស្រី Paetongtarn ដែលជាប្រធានគណបក្សភឿថៃផងដែរ។

អ្នកនយោបាយវ័យ ៧៤ឆ្នាំរូបនេះ បានវិលត្រឡប់មកប្រទេសកំណើតវិញក្នុងខែសីហា បន្ទាប់ពីការនិរទេសខ្លួនឯងរយៈពេល ១៥ឆ្នាំ ហើយត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល ៨ឆ្នាំភ្លាមៗ ក្រោមបទចោទប្រកាន់តាំងពីអំឡុងលោកកាន់អំណាច។ ប៉ុន្តែការកាត់ទោសរបស់លោក ត្រូវបានកាត់បន្ថយទោសរយៈពេល១ឆ្នាំ ដោយព្រះមហាក្សត្រថៃ ព្រះបាទ Maha Vajiralongkorn ក្នុងរយៈពេលប៉ុន្មានថ្ងៃនៃការត្រឡប់មកវិញរបស់លោក ហើយកាលពីខែមុន រដ្ឋាភិបាលបាននិយាយថា លោក ថាក់ស៊ីន មានសិទ្ធិទទួលបានការដោះលែងមុនកាលកំណត់ ដោយសារតែអាយុ និងសុខភាពរបស់លោក។

ការវិលត្រឡប់របស់អតីតម្ចាស់ក្លឹប Manchester City ទៅកាន់ប្រទេសថៃបានធ្វើឡើងភ្លាមៗ បន្ទាប់ពីគណបក្សភឿថៃ បានឡើងកាន់អំណាចជាប្រមុខរដ្ឋាភិបាលចម្រុះ។

លោក Ramet Rattanachaweng អ្នកនាំពាក្យគណបក្សរាជានិយមប្រជាធិបតេយ្យ បាននិយាយថា «សាធារណជននឹងតាមដានយ៉ាងដិតដល់ ដើម្បីមើលថា តើលោក ថាក់ស៊ីន ត្រូវបានទទួលការព្យាបាលពិសេសឬយ៉ាងណា»។

យ៉ាងណាម៉ិញ ទោះបីជាត្រូវបានដោះលែងក៏ដោយ លោក ថាក់ស៊ីន អាចប្រឈមមុខនឹងបញ្ហាផ្លូវច្បាប់បន្ថែមទៀត ខណៈរដ្ឋអាជ្ញាសាធារណៈកំពុងពិចារណាចោទប្រកាន់រូបលោកពីបទប្រមាថព្រះចេស្ដាព្រះមហាក្សត្រថៃ អំឡុងបទសម្ភាសន៍មួយកាលពីឆ្នាំ២០១៥៕

ប្រភព៖ CNA

Share.