ទីក្រុងមូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានឈ្នះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នៅក្នុងការបោះឆ្នោតរបស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ សប្ដាហ៍មុននេះ ដោយពង្រឹងការក្តាប់អំណាចយ៉ាងតឹងរ៉ឹងរបស់លោក នៅក្នុងជ័យជម្នះដែលលោក បាននិយាយថា ទីក្រុងមូស្គូមានសិទ្ធិក្នុងការក្រោកឈរឡើង ប្រឈមជាមួយលោកខាងលិច ហើយបញ្ជូនកងទ័ពរបស់ខ្លួនចូលទៅក្នុងទឹកដីអ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។
លទ្ធផលជ័យជម្នះនេះមានន័យថា លោក ពូទីន ដែលមានអាយុ ៧១ឆ្នាំ គ្រោងនឹងចាប់ផ្តើមអាណត្តិថ្មីរយៈពេល៦ឆ្នាំជាថ្មីបន្ដទៀត ដោយលទ្ធផលរបស់លោក ពូទីន វ៉ាដាច់លោក ចូសេហ្វ ស្តាលីន ហើយក្លាយជាមេដឹកនាំដែលកាន់អំណាចយូរបំផុតរបស់រុស្ស៊ីអស់រយៈពេលជាង២០០ឆ្នាំ ប្រសិនបើលោកអាចធ្វើបាន។
យោងតាមការស្ទង់មតិចេញពីអ្នកស្ទង់មតិសាធារណៈមតិសាធារណៈ (FOM) បានឱ្យដឹងថា លោកពូទីនបាននាំមុខការប្រកួតជាមួយនឹងសំឡេង ៨៧.៧៦ភាគរយ នៃការបោះឆ្នោតដែលជាលទ្ធផលខ្ពស់បំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់រុស្ស៊ី។
ទន្ទឹមនោះ គូប្រជែងរបស់លោក មកពីគណបក្សកុម្មុយនិស្ដ គឺលោក Nikolai Kharitonov បានឈរនៅលេខរៀងទី២ជាមួយសំឡេង ៤.២ភាគរយ បន្ទាប់មក គឺលោក Vladislav Davankov មកពីគណបក្សប្រជាជនថ្មី ឈរលើលេខរៀងទី៣ ជាមួយនឹងសំឡេង ៤ភាគរយ និងលោក Leonid Slutsky មកគណបក្សប្រជាធិបតេយ្យសេរី មានសំឡេងគាំទ្រ ៣.២ភាគរយ។
លើសពីនេះ បើយោងតាមទិន្នន័យពីគណៈកម្មាធិការរៀបចំការបោះឆ្នោតមជ្ឈឹម (CEC) ការបោះឆ្នោតឆ្នាំនេះ គឺបានបំបែកកំណត់ត្រាចំនួនអ្នកចេញទៅបោះឆ្នោតខ្ពស់ជាប្រវត្តិសាស្ត្រ ពោលគឺឈានដល់ ៧៤%។
ស្របពេលនោះដែរ លោកពូទីន បានប្រាប់អ្នកគាំទ្រនៅក្នុងសុន្ទរកថា ជ័យជំនះនៅទីក្រុងមូស្គូ ថា លោកនឹងផ្តល់អាទិភាពដល់ការដោះស្រាយភារកិច្ចដែលទាក់ទងនឹងអ្វីដែលលោកហៅថា «ប្រតិបត្តិការយោធាពិសេស» របស់រុស្ស៊ីនៅអ៊ុយក្រែន ហើយនឹងពង្រឹងយោធារុស្ស៊ីឱ្យកាន់តែខ្លាំងក្លា។
ដោយឡែក ដំណើរការរាប់សន្លឹកឆ្នោតក៏បានបញ្ចប់រួចទៅហើយដែរ នៅក្នុងតំបន់រុស្ស៊ីមួយចំនួន ជាក់ស្តែងនៅតំបន់ថ្មីចំនួន២ ដែលពលរដ្ឋរុស្ស៊ី បានបោះឆ្នោតជាលើកដំបូង គឺនៅសាធារណរដ្ឋប្រជាមានិត Lugansk លោក ពូទីន ទទួលបានសំឡេងគាំទ្រ ៩៤.១២ភាគរយ និងនៅសាធារណរដ្ឋប្រជាមានិត Donetsk ទទួលបាន៩៥ភាគរយ។
យ៉ាងណាម៉ិញ សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស និងប្រទេសដទៃទៀតបាននិយាយថា ការបោះឆ្នោតនេះមិនសេរី ឬយុត្តិធម៌ទេ ដោយសារតែការចាប់អ្នកប្រឆាំងនយោបាយដាក់ពន្ធនាគារ៕