លោក ដូណាល់ ត្រាំ បានព្រមានថា «វានឹងក្លាយជាការបង្ហូរឈាម» សម្រាប់អាមេរិក ប្រសិនបើលោក មិនឈ្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីនាពេលខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Independent នាថ្ងៃចន្ទ ទី១៨ ខែមីនា ឆ្នាំ២០២៤។
ការព្រមានរបស់អតីតប្រធានាធិបតីសហរដ្ឋអាមេរិក វ័យ ៧៧ឆ្នាំរូបនេះ បានធ្វើឡើងនៅពេលថ្លែងទៅកាន់អ្នកគាំទ្រនៅឯការជួបជុំ Buckeye Values PAC Rally នៅទីក្រុង Dayton រដ្ឋ Ohio កាលពីថ្ងៃសៅរ៍ ទី១៦ ខែមីនា។
ក្នុងការជួបជុំនោះ លោក ត្រាំ បានជំរុញឱ្យប្រជាជនអាមេរិកបោះឆ្នោតឱ្យលោក ដោយនិយាយថា «ធ្វើឲ្យអាមេរិកអស្ចារ្យម្ដងទៀត» ប្រសិនបើលោកជាប់ឆ្នោត ប៉ុន្ដែ លោក ត្រាំ បានព្រមានដែរថា៖ «ឥឡូវនេះ ប្រសិនបើខ្ញុំមិនជាប់ឆ្នោតទេ វានឹងក្លាយជាការបង្ហូរឈាមសម្រាប់ប្រទេសទាំងមូល»។
យ៉ាងណាម៉ិញ ឆ្លើយតបទៅនឹងលោក ត្រាំ ក្រុមយុទ្ធនាការរបស់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន លោក ចូ បៃដិន បានចាត់ទុកការព្រមានបង្ហូរឈាមនេះថា ជាការគំរាមកំហែងនៃអំពើហិង្សាផ្នែកនយោបាយ ពីគូប្រជែង។
សូមជម្រាបថា ការប្រកួតប្រជែងដើម្បីក្លាយជាប្រធានាធិបតីសហរដ្ឋអាមេរិក សម្រាប់អាណត្តិថ្មី រវាងលោក ត្រាំ និងលោក បៃដិន នឹងចាប់ផ្ដើមនៅថ្ងៃទី៥ ខែវិច្ឆិកា ខាងមុខនេះ៕