តៃវ៉ាន់៖ ក្រុមអ្នកជួយសង្គ្រោះតៃវ៉ាន់បានស្វែងរកមនុស្សចំនួន ១៨នាក់ទៀត ដែលនៅតែបន្ដបាត់ខ្លួននាថ្ងៃសុក្រ នេះ បន្ទាប់ពីគ្រោះរញ្ជួយដីកម្រិត ៧.២រិចទ័រវាយប្រហារតំបន់ភ្នំ និងឆ្នេរសមុទ្រភាគខាងកើតរបស់កោះនេះ ខណៈការរញ្ជួយដីរាប់សិបលើក បានវាយលុកតំបន់ជាច្រើននៅទីនោះ ហើយអ្នកដែលជាប់នៅក្នុងនោះត្រូវបានបញ្ជូនទៅកាន់ទីទួលសុវត្ថិភាពជាបណ្តើរៗហើយ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃសុក្រ ទី៥ ខែមេសា ឆ្នាំ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143258/image-344.png)
ការរញ្ជួយដីកាលពីថ្ងៃពុធ នៅក្នុងស្រុក Hualien ភាគខាងកើតតៃវ៉ាន់ ដែលបណ្ដាលឱ្យប្រជាជននៅទីនោះយ៉ាងហោចណាស់ ១០នាក់ត្រូវបានសម្លាប់ ខណៈមនុស្សរាប់រយនាក់ទៀត ជាប់គាំងនៅក្នុងឧទ្យានជាតិមួយកន្លែង នៅពេលដែលផ្ទាំងថ្មរនាំងចុះពីលើភ្នំ បានកាត់ផ្តាច់ផ្លូវ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143306/image-338.png)
នាយកដ្ឋានពន្លត់អគ្គីភ័យរបស់កោះតៃវ៉ាន់ បានបញ្ជាក់ថា មានមនុស្ស ១៨នាក់កំពុងបាត់ខ្លួន ក្នុងនោះរួមមានទាំងជនបរទេស ៤នាក់ ដែលពួកគេជាជនជាតិឥណ្ឌា កាណាដា និងអូស្ត្រាលី។ ចំណែកមនុស្ស ៦នាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅលើផ្លូវឡើងភ្នំ ហើយក្រុមជួយសង្គ្រោះយ៉ាងហោច ៤៥នាក់កំពុងព្យាយាមទៅដល់ទីតាំងរបស់ពួកគេ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143300/image-342-1024x683.png)
ក្រុមអ្នកជួយសង្រ្គោះបានអះអាងថា មនុស្សប្រហែល ៤០០នាក់ដែលជាប់គាំងនៅក្នុងសណ្ឋាគារដ៏ប្រណិតក្នុងឧទ្យានជាតិ Taroko Gorge គឺមានសុវត្ថិភាព ហើយពួកគេកំពុងជិះឧទ្ធម្ភាគចក្រចាកចេញពីកន្លែងកើតហេតុ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143302/image-341.png)
![](https://cdn.troryorng.com/wp-content/uploads/2024/04/27143259/image-343.png)
សូមជម្រាបថា តៃវ៉ាន់ស្ថិតនៅជិតចំណុចប្រសព្វនៃបន្ទះប្លាកែត២ របស់ផែនដី ហើយងាយនឹងមានការរញ្ជួយដី។ កាលពីឆ្នាំ២០១៦ មនុស្សជាង ១០០នាក់បានស្លាប់នៅក្នុងការរញ្ជួយដីនៅភាគខាងត្បូងតៃវ៉ាន់ ខណៈការរញ្ជួយដីកម្រិត ៧.៣រ៉ិចទ័របានសម្លាប់មនុស្សជាង ២,០០០នាក់ក្នុងឆ្នាំ១៩៩៩៕
![](https://cdn.troryorng.com/wp-content/uploads/2024/03/27151006/Troryorng-Telegram-1-1024x126-1-1-1-1.jpg)