ព្រះសីហនុ ៖  លោក ស កក្តដា អភិបាលក្រុងព្រះសីហនុបានឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤នេះថា ជាមួយនឹងកំណើននៃការអភិវឌ្ឍរបស់ក្រុមព្រះសីហនុ នាពេលបច្ចុប្បន្ន បានធ្វើឲ្យកាកសំណល់សំរាមមានការកើនឡើងបើធៀបពីមុនកាលដែលអាជ្ញាធរក្រុងមិនទាន់គ្រប់គ្រង គឺសំរាមក្នុងមួយថ្ងៃមានជាង៥០០ តោន។ តែក្រោយពីអាជ្ញាធរក្រុងគ្រប់គ្រងប្រមូលសំរាមមក គឺមានការកើនឡើងរហូតទៅដល់ជាង៦០០ តោនក្នុងមួយថ្ងៃៗ។


លោកអភិបាលក្រុងក៏បានបញ្ជាក់បន្ថែមថាចំពោះការគ្រប់គ្រងកាកសំណល់សំរាមនៅក្នុងក្រុងព្រះសីហនុទោះបីអាជ្ញាធរខេត្ត អាជ្ញាធរក្រុង អាជ្ញាធរមូលដ្ឋានខិតខំក្នុងការប្រមូលនិងផ្សព្វផ្សាយឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនិងបញ្ចេញសំរាមឲ្យបានទាន់ពេលវេលាដែលបានកំណត់យ៉ាងណាក៏ដោយក៏បងប្អូនមួយចំនួនមិនទាន់អនុវត្តតាមនិងជាពិសេសការទុកដាក់សំរាមរបស់បងប្អូនដែលប្រកបរបរលក់ដូរចល័តនៅតែបោះចោលសំរាមពាសវាលពាសកាល ដែលជាកត្តាធ្វើឲ្យការប្រមូលសំរាមនៅក្នុងក្រុងព្រះសីហនុរបស់យើងមិនទាន់បានស្អាត ជាពិសេសនៅពេលមានភ្លៀងធ្លាក់ខ្លាំងម្ដងៗធ្វើឲ្យសំរាមហូរអណ្ដែតនៅតាមដងផ្លូវប្រព័ន្ធលូអូរប្រឡាយបង្កការកកស្ទះជនលិចផ្លូវលំនៅដ្ឋានមួយចំនួនផងដែរ។


លោកអភិបាលក្រុងក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋក៏ដូចជាបងប្អូនដែលជាអ្នកលក់ដូរចល័តនិងភ្ញៀវទេសចរនៅក្នុងខេត្តព្រះសីហនុសូមចូលរួមជាមួយនឹងអាជ្ញាធរក្នុងការវេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវនៅកន្លែងធុងសំរាមនិងបញ្ចេញសំរាមទៅតាមពេលវេលា ដើម្បីឲ្យការប្រមូលសំរាមបានស្អាតធ្វើឲ្យក្រុងរបស់យើងមានសោភ័ណភាពនិងបរិស្ថានល្អ ទាំងអស់នេះគឺផ្ដើមចេញពីយើងទាំងអស់គ្នាដើម្បីក្រុងខេត្តរបស់យើងកាន់តែមានសោភ័ណភាពនិងទាក់ទាញភ្ញៀវទេសចរទាំងជាតិនិងអន្តរជាតិមកលេងកាន់តែច្រើន៕


អត្ថបទ ៖ ឈុន គឹមហៃ

Share.