សាន់ហ្វ្រាន់ស៊ីស្កូ៖ នាយកប្រតិបត្តិរបស់ក្រុមហ៊ុន TikTok បានប្ដេជ្ញាកាលពីថ្ងៃពុធ នេះថា នឹងតស៊ូតតាំងនៅក្នុងតុលាការ ដើម្បីលុបចោលច្បាប់ថ្មីរបស់អាមេរិក ដែលបានចុះហត្ថលេខាថ្មីៗ ដែលអាចឃើញកម្មវិធីពេញនិយមត្រូវបានហាមប្រាម ដោយសារតែការចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមមួយនេះ ត្រូវបានគ្រប់គ្រងដោយរដ្ឋាភិបាលចិន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135151/image-1653.png)
ច្បាប់នេះទុកពេលឱ្យក្រុមហ៊ុន TikTok រយៈពេល ៩ខែ ដើម្បីដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ចិន ByteDance បើមិនដកខ្លួនទេនោះ នឹងត្រូវបិទទីផ្សារអាមេរិកតែម្ដង។
មន្ត្រីអាមេរិក និងលោកខាងលិចផ្សេងទៀតបានចោទប្រកាន់ថា វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ អនុញ្ញាតឱ្យទីក្រុងប៉េកាំងប្រមូលទិន្នន័យ និងចារកម្មលើអ្នកប្រើប្រាស់។ ខណៈប្រព័ន្ធផ្សព្វផ្សាយសង្គមនេះ មានអ្នកប្រើប្រាស់ជាង ១៧០លាននាក់ នៅក្នុងសហរដ្ឋអាមេរិក តែមួយគត់ ដែលភាគច្រើនពួកគេជាយុវជនក្មេងៗ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135150/image-1654.png)
ក្រុមអ្នករិះគន់និយាយថា TikTok ក៏ជាផ្លូវសម្រាប់ផ្សព្វផ្សាយការឃោសនាដែរ។ យ៉ាងណាម៉ិញ ប្រទេសចិន និងក្រុមហ៊ុន បានបដិសេធយ៉ាងខ្លាំងចំពោះការអះអាងទាំងនេះ។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135142/image-1657-1024x672.png)
ទោះជាយ៉ាងណា លោក Shou Zi Chew អគ្គនាយកក្រុមហ៊ន TikTok បាននិយាយនៅក្នុងវីដេអូមួយដែលបានបង្ហោះនៅលើ TikTok ភ្លាមៗ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Joe Biden បានចុះហត្ថលេខាលើច្បាប់នេះថា «កុំធ្វើឱ្យមានកំហុស នេះគឺជាការហាមឃាត់»។
![](https://cdn.troryorng.com/wp-content/uploads/2024/04/27135149/image-1655-1024x683.png)
លោក Chew បានហៅចំណាត់ការនេះថា «ជារឿងហួសចិត្ត» ដោយសារតែសេរីភាពនៃការបញ្ចេញមតិនៅលើវេទិកាផ្សព្វផ្សាយដ៏ពេញនិយម TikTok ឆ្លុះបញ្ចាំងពីតម្លៃអាមេរិកដូចគ្នា ដែលធ្វើឱ្យសហរដ្ឋអាមេរិក ក្លាយជាសញ្ញានៃសេរីភាព។ ទន្ទឹមនោះ លោក Chew បានប្រាប់អ្នកប្រើប្រាស់របស់វេទិកាថា «សូមប្រាកដថា យើងមិនទៅណាទេ។ យើងនឹងបន្តតស៊ូ ដើម្បីសិទ្ធិរបស់អ្នកទាំងអស់គ្នានៅក្នុងតុលាការ។ ការពិត និងរដ្ឋធម្មនុញ្ញ គឺនៅខាងយើង»។
សូមជម្រាបថា វិធានការហាមប្រាមនេះ ត្រូវបានបញ្ចូលក្នុងកញ្ចប់ជំនួយបរទេសចំនួន ៩៥ពាន់លានដុល្លារ រួមទាំងជំនួយយោធាដល់អ៊ុយក្រែន អ៊ីស្រាអែល និងតៃវ៉ាន់៕
![](https://cdn.troryorng.com/wp-content/uploads/2024/04/27142737/Troryorng-Telegram-1-1024x126-1-1-1-1.jpg)