ភ្នំពេញ ៖ ក្រុមអ្នកឆ្លៀតនិយមស្រឡាញ់ ផឹកទឹកត្នោតជូរ ថ្វីត្បិតអាជ្ញាធរ ក្រសួងសុខាភិបាល ដាក់ចេញនូវបម្រាម ជួបជុំផឹកស៊ី គ្រឿងស្រវឹងតែមិនស្តាប់សោះ នាំគ្នាចូលផឹកស៊ី កំពុងតែឆ្ងាញ់មាត់ ល្មើសទៅនឹងវិធានការរដ្ឋបាល ត្រូវបានកម្លាំងអាជ្ញាធរចុះទៅដល់ល្មម អ្នកផឹករត់ចែកជើងគ្នាបាតជើងសព្រាត ឃាត់បានម្ចាស់រោងប្រុសស្រី៤នាក់ ម៉ូតូចំនួន០៧គ្រឿង កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ ស្ថិតនៅតាមផ្លូវលំភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមលោកចៅសង្កាត់ចោមចៅទី១ បានឲ្យដឹងថា អាជ្ញាធរធ្លាប់បានផ្សព្វផ្សាយ អប់រំច្រើនលើក ច្រើនសារមកហើយ នូវ ទីតាំងលក់ដូរ ប្រមូលផ្តុំផឹកស៊ី គ្រឿងស្រវឹង ត្រូវបានហាមឃាត់ជាបណ្តោះអាសន្ន ដើម្បីចូលរួមទប់ស្កាត់ជម្ងឺឆ្លងកូវីដ-១៩ទាំងអស់គ្នា ស្រាប់តែនៅល្ងាចថ្ងៃនេះ ឃើញរោងលក់ទឹកត្នោតជូរចំនួន៤កន្លែងនៅចំណុចខាងលើ បន្តលក់ដូរឲ្យភ្ញៀវចូលផឹកស៊ី ល្មើសទៅនឹងបម្រាម ទើបកម្លាំងអាជ្ញាធរ ក្រោមការអនុញ្ញាតពីរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ ចុះទៅបង្ក្រាប ទប់ស្កាត់នូវសកម្មភាពក្រុមអ្នកផឹកស៊ី លក់ដូរ ឃាត់ម្ចាស់ទីតាំងបាន៤នាក់ ប្រុស២នាក់ ស្រី២នាក់ ចំណែកអ្នកផឹករត់ចែកជើងគ្នា បន្សល់ទុកម៉ូតីចំនួន០៧គ្រឿង ។

អាជ្ញាធរបានបញ្ជាក់ផងដែរ រោងលក់ទឹកត្នោតជូរទាំង៤ទីតាំង ត្រូវបានសម្រេចបិទផ្អាកអាជីវកម្ម ចំណែកមនុស្ស៤នាក់ និងម៉ូតូ៧គ្រឿង ត្រូវបាននាំយកទៅសាលាសង្កាត់ចោមចៅទី១ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
