មូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីថ្ងៃអាទិត្យ ទី១២ ខែឧសភា បានផ្លាស់ប្តូរតំណែងរដ្ឋមន្ត្រីការពារជាតិថ្មី ក្រោយជាប់ឆ្នោតជាប្រធានាធិបតីរុស្ស៊ីជាថ្មី ក្នុងអាណត្តិទី៥ ក្រោមក្របខណ្ឌនៃការរុះរើគណៈរដ្ឋមន្រ្តីដ៏សំខាន់បំផុតមួយចាប់តាំងពីបានធ្វើសង្រ្គាមជាមួយអ៊ុយក្រែនក្នុងពេលជាង ២ឆ្នាំមកនេះ។

យោងតាមបញ្ជីនៃការតែងតាំងថ្នាក់រដ្ឋមន្ត្រីដែលចេញផ្សាយដោយក្រុមប្រឹក្សាសហព័ន្ធដែលជាសភាជាន់ខ្ពស់របស់រុស្ស៊ី បានឱ្យដឹងថា លោកពូទីន បានសម្រេចចិត្តតែងតាំងលោក Andrey Belousov អ្នកជំនាញសេដ្ឋកិច្ចមួយរូប ជាអ្នកជំនួសតំណែងលោក Shoigu។

ការផ្លាស់ប្តូរនេះកើតឡើងចំពេលដ៏សំខាន់មួយ នៅក្នុងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ដែលពេលនេះកងទ័ពរុស្ស៊ី កំពុងលុកលុយទៅមុខនៅភាគខាងកើតអ៊ុយក្រែន ហើយទើបតែចាប់ផ្តើមប្រតិបត្តិការថ្មីដ៏សំខាន់មួយប្រឆាំងនឹងតំបន់ Kharkiv ភាគឦសាន។

យ៉ាងណាទោះបីជាមានការបរាជ័យផ្នែកយោធាជាច្រើននៅក្នុងឆ្នាំដំបូងនៃការវាយប្រហារ – រួមទាំងការបរាជ័យក្នុងការដណ្តើមយករដ្ឋធានី Kyiv របស់អ៊ុយក្រែន និងការដកថយពីតំបន់ Kharkiv និង Kherson ភាគខាងត្បូងក៏ដោយ ក៏លោក Putin បានឈរក្បែរ Shoigu រហូតមកដល់បច្ចុប្បន្ន។

រឿងនោះរាប់បញ្ចូលទាំងពេលដែលប្រធានកងជីវពល Wagner លោក Yevgeny Prigozhin បានចាប់ផ្តើមការបះបោរបង្ហូរឈាមកាលពីឆ្នាំមុន ដោយអំពាវនាវឱ្យមានការដកលោក Shoigu ចេញផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានដកស្រង់សម្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយនៅក្នុងសន្និសីទសង្ខេបស្តីពីការតែងតាំងនេះថា «ក្រសួងការពារជាតិត្រូវតែបើកចំហយ៉ាងពិតប្រាកដចំពោះការកែប្រែជាថ្មី ការណែនាំអំពីគំនិតជឿនលឿនទាំងអស់ ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ច»។

លោក Belousov មានអាយុ ៦៥ឆ្នាំ លោកគ្មានបទពិសោធន៍ខាងយោធាទេ ប៉ុន្ដែលោកធ្លាប់ជាឧបនាយករដ្ឋមន្រ្តីម្នាក់ជំនាញខាងសេដ្ឋកិច្ច ហើយក៏ជាទីប្រឹក្សាសេដ្ឋកិច្ចដ៏មានឥទ្ធិពលបំផុតរបស់លោក ពូទីន ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយនេះ។

យ៉ាងណាម៉ិគ បេក្ខភាពជារដ្ឋមន្រ្តីការពារជាតិរបស់លោក Andrei Belousov នឹងត្រូវឆ្លងកាត់ការអនុម័តពីសភាជាន់ខ្ពស់រុស្ស៊ីបន្ដទៀត ខណៈក្នុងក្រឹត្យមួយទៀតរបស់លោក ពូទីន គឺ អតីតរដ្ឋមន្រ្តីការពារជាតិ លោក Shoigu ត្រូវបានតែងតាំងជាលេខាធិការនៃក្រុមប្រឹក្សាសន្ដិសុខជាតិរុស្ស៊ីជំនួស លោក Nikolai Patrushev វិញ៕

ប្រភព៖ CNA

Share.