បាត់ដំបង៖ រមណីយដ្ឋានភ្នំសំពៅ ពេលល្ងាចសត្វប្រចៀវហើរចេញពីរូងរាប់លានក្បាលជាជួរៗនៅតែបន្តការទាក់ទាញភ្ញៀវជាតិ អន្តរជាតិខ្លាំងមិនធុញទ្រាន់។

លោក ហម អារុណ អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានប្រាប់ឲ្យដឹងចុងសប្តាហ៍កន្លងមកនេះថា: តាំងពីដើមរហូតដល់បច្ចុប្បន្នគោលដៅរមណីយដ្ឋានភ្នំសំពៅគឺជាគោលដៅឋិតក្នុងក្រសែភ្នែកទីមួយរបស់ភ្ញៀវទេសចរ។

រមណីយដ្ឋានភ្នំសំពៅ ក្រៅពីជាគោលដៅវប្បធម៌ប្រវត្តិសាស្ត្រក៏មានហ្វូងសត្វប្រចៀវចំនួនរាប់លានក្បាលបានហើរចាកចេញពីរូងជាខ្សែៗនៅរៀងរាល់ពេលព្រលប់ដើម្បីស្វែងរកចាប់ចំណីនៅតំបន់ប៉ែកបឹងទន្លេសាបក៏ជាចំណីអារម្មណ៍ដ៏ទាក់ទាញទាំងភ្ញៀវទេសចរជាតិ អន្តរជាតិជាច្រើនហូរហែផងដែរ ដោយអ្នកទេសចរមានប្រមាណជា២០០ ទៅ៣០០នាក់ក្នុងមួយថ្ងៃៗ រឺច្រើនជាងនេះពិសេសនៅរដូវវិស្សមកាល។

មន្ត្រីមន្ទីរទេសចរណ៍ខាងបន្តថា: ដើម្បីភាពសំបូរបែបផលិតផលទេសចរណ៍ និងបម្រើសេចក្តីត្រូវការរបស់ភ្ញៀវ ដំណាក់ចុងក្រោយនេះមន្ទីរបានរៀបចំនូវព្រឹត្តិការណ៍ល្អៗជាបន្តបន្ទាប់ ជាក់ស្តែង ផ្សាររាត្រីវិថីទេសចរណ៍ទើបបង្កើតឡើងថ្មីនេះប្រយោជន៍ទាំងការទាក់ទាញភ្ញៀវទេសចរ ប្រយោជន៍ទាំងបងប្អូនប្រជាពលរដ្ឋជាអាជីវករបានលក់ដូរនូវកសិផលភូមិមួយ ផលិតមួយ៕

អត្ថបទ៖ដំបងក្រញូង

Share.