ក្រុងប៉េកាំង៖ ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នឹង​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​សប្តាហ៍​នេះ ដើម្បីជួប​ជាមួយ​មេដឹកនាំ​ចិនលោក ស៊ី ជីនពីង ដែល​ប្រទេស​ទាំង២ បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ សប្ដាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Hua Chunying បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក ពូទីន នឹងនៅក្នុងទីក្រុងប៉េកាំង ចាប់ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ សប្ដាហ៍នេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងរបស់មេដឹកនាំរុស្ស៊ី នៅកាន់បរទេស ចាប់តាំងពីការបោះឆ្នោតឡើងវិញរបស់លោក កាលពីនៅខែមីនា និងជាដំណើរទស្សនកិច្ចលើកទី២ របស់លោក ពូទីន ក្នុងរយៈពេលជាង៦ខែ ដែលបានទៅកាន់ប្រទេសចិន។

ទន្ទឹមនោះអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានប្រាប់សន្និសីទសារព័ត៌មានថា «ប្រធានាធិបតីចិន លោក Xi Jinping នឹងផ្លាស់ប្តូរទស្សនៈជាមួយប្រធានាធិបតីរុស្ស៊ី លោក Putin ស្តីពីទំនាក់ទំនងទ្វេភាគី កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ និងបញ្ហាអន្តរជាតិ និងតំបន់ដែលមានផលប្រយោជន៍រួម»។

ជាមួយគ្នា វិមានក្រឹមឡាំងបានឱ្យដឹងថា មេដឹកនាំទាំង២ នឹងពិភាក្សាអំពី «ភាពជាដៃគូយ៉ាងទូលំទូលាយ និងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រ» ក៏ដូចជា «កំណត់ផ្នែកសំខាន់ៗ នៃការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់»។

វិមានក្រឹមឡាំងបានឱ្យដឹងបន្ថែមទៀតថា «ពួកគេក៏នឹងចុះហត្ថលេខាលើសេចក្តីប្រកាសរួមមួយ បន្ទាប់ពីកិច្ចពិភាក្សានេះ ហើយវិមានក្រឹមឡាំងបាននិយាយថាពួកគេក៏នឹងចូលរួមប្រារព្ធខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំង២ នៅពេលល្ងាចថ្ងៃដដែល»។

សេចក្តីថ្លែងការណ៍បានបន្ថែមថា លោក Putin នឹងជួបជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Qiang ដែលជាមន្ត្រីថ្នាក់លេខ២ របស់ប្រទេសចិន ហើយធ្វើដំណើរទៅកាន់ទីក្រុង Harbin ភាគឦសានសម្រាប់ពិព័រណ៍ពាណិជ្ជកម្ម និងវិនិយោគផងដែរ។

ក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីពឹងផ្អែកកាន់តែខ្លាំងឡើងលើប្រទេសចិន ជាខ្សែជីវិតសេដ្ឋកិច្ចដ៏សំខាន់ ចាប់តាំងពីលោកខាងលិច បានវាយប្រហារប្រទេសនេះដោយការដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក លើការឈ្លានពានដោយយោធារបស់ខ្លួននៅអ៊ុយក្រែន៕

ប្រភព៖ CNA

Share.