តៃប៉ិ៖ ទីក្រុងតៃប៉ិ បាននិយាយនាថ្ងៃពុធ នេះថា ខ្លួនបានប្រទះឃើញយន្តហោះយោធាចិនចំនួន ៤៥គ្រឿងហោះនៅជុំវិញដែនកោះតៃវ៉ាន់ ដែលជាចំនួនច្រើនបំផុតមួយ ហើយមិនដល់មួយសប្តាហ៍ទៀតនោះទេ មុនពេលស្បថចូលកាន់តំណែងរបស់ប្រធានាធិបតីថ្មី នៃកោះនេះ ដែលប្រទេសចិនចាត់ទុកថា ជា «អ្នកបំបែកខ្លួនដ៏គ្រោះថ្នាក់»។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី១៥ ខែឧសភា ឆ្នាំ២០២៤។

ប្រទេសចិន​ បាន​ទាមទារកោះ​តៃវ៉ាន់​ ជា​ផ្នែក​មួយ​នៃ​ទឹកដី​របស់​ខ្លួន ហើយ​បាន​និយាយ​ថា​ ខ្លួន​នឹង​មិន​បោះបង់​ការ​ប្រើ​កម្លាំង​ ដើម្បី​នាំ​កោះនេះ ​មកស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រុង​ប៉េកាំង វិញ​ឡើយ។

នាថ្ងៃពុធ នេះ ក្រសួងការពារជាតិរបស់តៃប៉ិ បាននិយាយថា ខ្លួនបានប្រទះឃើញយន្តហោះចិនចំនួន ៤៥គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន៦ ដែលកំពុងប្រតិបត្តិការជុំវិញកោះតៃវ៉ាន់ក្នុងរយៈពេល ២៤ម៉ោង គិតត្រឹមម៉ោង ៦ព្រឹក (ម៉ោងក្នុងស្រុក)។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ក្នុងចំណោមយន្ដហោះយោធាទាំង ៤៥គ្រឿង មានយន្តហោះចំនួន ២៦គ្រឿង បានហោះឆ្លងកាត់ខ្សែបន្ទាត់កណ្ដាលនៃច្រកសមុទ្រតៃវ៉ាន់» ដែលជាខ្សែបន្ទាត់បំបែកផ្លូវទឹក ប្រវែង ១៨០គីឡូម៉ែត្រ ពីប្រទេសចិន។ ក្រសួង​បាន​បន្ថែម​ថា «ខ្លួន​បាន​​តាម​ដាន​ស្ថានការណ៍ និង​ឆ្លើយ​តប​ភ្លាមនឹងស្ថានការណ៍បន្ទាន់ណាមួយ»។

កាលពីល្ងាចថ្ងៃអង្គារ សប្ដាហ៍នេះ ក្រសួងការពារជាតិតៃវ៉ាន់ ក៏បានអះអាងដែរថា យន្ដហោះយោធាចិន ២៣គ្រឿង ក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង និងដ្រូន ត្រូវបានប្រទះឃើញនៅជុំវិញកោះតៃវ៉ាន់ រយៈពេល ២ម៉ោងផងដែរ។

សូមជម្រាបថា លោក Lai Ching-te ដែលជាអនុប្រធានាធិបតីបច្ចុប្បន្ន ដែលនឹងស្បថចូលកាន់តំណែងជាមេដឹកនាំថ្មីរបស់កោះតៃវ៉ាន់ ជំនួសលោកស្រី Tsai Ing-Wen នៅថ្ងៃទី២០ ខែឧសភា ខាងមុខនេះ ដែលនឹងនាំមកនូវ «សង្រ្គាម និងការថយចុះ» ដល់កោះនេះ ខណៈភាពតានតឺងបានកើនឡើងចាប់តាំងពីលោក បានឈ្នះការបោះឆ្នោតកាលពីខែមករា មក៕

ប្រភព៖ CNA

Share.