ប៉េកាំង៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានធ្វើដំណើរទៅដល់ប្រទេសចិនហើយ នៅថ្ងៃព្រហស្បតិ៍ នេះ ដើម្បីជួបពិភាក្សាការងារជាមួយ «មិត្តជាទីស្រឡាញ់» របស់លោក គឺ លោក ស៊ី ជីនពីង ខណៈលោក ពូទីន កំពុងស្វែងរកការទទួលបានការគាំទ្រកាន់តែច្រើនពីទីក្រុងប៉េកាំង សម្រាប់កិច្ចខិតខំប្រឹងប្រែងនៅក្នុងការធ្វើសង្រ្គាមនៅអ៊ុយក្រែន និងសេដ្ឋកិច្ចរុស្ស៊ី ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងភាពឯកោដោយសារការដាក់ទណ្ឌកម្មពីលោកខាងលិច។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា ឆ្នាំ២០២៤។

ការមកដល់ទីក្រុងប៉េកាំង របស់មេដឹកនាំរុស្ស៊ី រូបនេះ នឹងក្លាយជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ចាប់តាំងពីការបោះឆ្នោតឡើងវិញក្នុងខែមីនា និងជាដំណើរទស្សនកិច្ចជាលើកទី២ របស់លោកក្នុងរយៈពេលជាង៦ខែទៅកាន់ប្រទេសចិន ដែលជាខ្សែចង្វាក់សេដ្ឋកិច្ចសម្រាប់ប្រទេសរុស្ស៊ី បន្ទាប់ពីលោកខាងលិចបានដាក់ទណ្ឌកម្មដែលមិនធ្លាប់មានពីមុនមក លើការវាយលុកនៅអ៊ុយក្រែន។

លោក ស៊ី ជិនពីង បានត្រលប់មកវិញកាលពីសប្តាហ៍មុនពីដំណើរទស្សនកិច្ចបីប្រទេសនៅទ្វីបអឺរ៉ុប បានច្រានចោលការរិះគន់របស់លោកខាងលិច អំពីទំនាក់ទំនងរបស់ទីក្រុងប៉េកាំង ជាមួយទីក្រុងមូស្គូ ដោយរីករាយនឹងការនាំចូលថាមពលពីរុស្ស៊ីដែលមានតំលៃថោក និងការទទួលបានធនធានធម្មជាតិដ៏ច្រើនសន្ធឹកសន្ធាប់ រួមទាំងការដឹកជញ្ជូនឧស្ម័នប្រកបដោយស្ថិរភាពតាមរយៈបំពង់បង្ហូរថាមពលស៊ីបេរី។

យ៉ាងណាម៉ិញ ដំណើរទស្សនកិច្ចនេះ គឺជាទំនាក់ទំនងដែលមេដឹកនាំបានពិពណ៌នានៅឆ្នាំ២០២២ ថា «ភាពជាដៃគូគ្មានដែនកំណត់»។

នៅក្នុងបទសម្ភាសន៍ជាមួយទីភ្នាក់ងារសារព័ត៌មានរដ្ឋចិន Xinhua មុនធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន លោក ពូទីន បានកោតសរសើរលោក ស៊ី ជីនពីង សម្រាប់ការកសាង ភាពជាដៃគូយុទ្ធសាស្ត្រជាមួយរុស្ស៉ី ដោយឈរលើផលប្រយោជន៍ជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមកយ៉ាងជ្រាលជ្រៅ។

សូមជម្រាបថា ការមកដល់របស់លោក ពូទីន នៅប្រទេសចិន ត្រូវបានវិមានក្រឹមឡាំង និយាយថា មេដឹកនាំទាំង២ នឹងពិភាក្សាគ្នាពីអំពីភាពជាដៃគូរយុទ្ធសាស្រ្ត ក៏ដូចជាកំណត់ផ្នែកសំខាន់ៗ នៃការអភិវឌ្ឍន៍កិច្ចសហប្រតិបត្តិការរុស្ស៊ី-ចិន និងផ្លាស់ប្តូរទស្សនៈលើបញ្ហាអន្តរជាតិ និងតំបន់។ មេដឹកនាំប្រទេសមហាអំណាចទាំង២នេះ ក៏នឹងត្រូវចូលរួមងពិធីមួយដើម្បីប្រារព្ធខួប ៧៥ឆ្នាំ ដែលអតីតសហភាពសូវៀត ប្រកាសទទួលស្គាល់សាធារណរដ្ឋប្រជាមានិតចិន ដែលត្រូវបានប្រកាសបង្កើតឡើងដោយលោកប្រធានម៉ៅ សេទុង ក្នុងឆ្នាំ១៩៤៩ ផងដែរ៕

ប្រភព៖ CNA

Share.